កូរ៉េនឹងនាំយកប្រព័ន្ធបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍធនធានទឹកនៅកម្ពុជា

កូរ៉េនឹងនាំយកប្រព័ន្ធបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍធនធានទឹកនៅកម្ពុជា

K-Water របស់កូរ៉េ មានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការចូលរួមចំណែកលើការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងជាឧត្តមប្រយោជន៍ខ្ពស់ក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ 

ចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងជំនួបពិភាក្សាការងារនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៧ ខែឧសភាលោក YUN Seog-dae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) បានលើកឡើងថា តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) និងគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លោកមានជំនឿជាក់ថា K-Water នឹងមានលទ្ធភាពចូលរួមចំណែកក្នុងការសម្រេចបាននូវគម្រោងនានាពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ បន្ថែមលើនេះ ការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជាទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” នឹងអាចជំរុញឱ្យ K-Water មានលទ្ធភាពច្រើនថែមទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំយកនូវបទពិសោធន៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងយន្តការនៃការគ្រប់គ្រងធនធានទឹក ទៅចូលរួមចំណែកក្នុងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនោះសម្ដេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យ K-Water សហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគម្រោងនានារបស់កូរ៉េពាក់ព័ន្ធនឹងធនធានទឹកនៅប្រទេសកម្ពុជា តាមរយ:ការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀតលើតំបន់ដែលមានធនធានទឹកនានានៅកម្ពុជា និងកំណត់នូវពេលវេលាក្នុងការរៀបចំគម្រោងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងធនធានទឹកតាមបណ្ដាញនៃទន្លេមេគង្គ និងបឹងទន្លេសាប សំដៅធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានធនធានទឹកដែលអាចគ្រប់គ្រងបាន និងអាចធានាបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់វិស័យកសិកម្មនៅរដូវប្រាំង និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និងការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ។ 

សម្ដេចក៏បានគូសបញ្ជាក់ដែរថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាគន្លឹះដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង។ ជាមួយគ្នានេះសម្តេចបានលើកទឹកចិត្តឱ្យ K-Water បន្តរួមចំណែកបន្ថែមទៀតក្នុងគម្រោងនានាពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ដែលស្ថិតនៅក្រោមគម្រោងជំនួយផ្លូវការរបស់កូរ៉េ តាមរយៈ KOICA និង EDCF Loan ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី