សម្តេច ហ៊ុន សែន ផ្តល់អនុសាសន៍ឲ្យនាយករដ្ឋមន្រ្តីចាប់ផ្តើមបើកការដ្ឋានសាងសង់គម្រោងព្រែកជីកឲ្យបានឆាប់បំផុតកុំនៅបង្អង់យូរ

សម្តេច ហ៊ុន សែន ផ្តល់អនុសាសន៍ឲ្យនាយករដ្ឋមន្រ្តីចាប់ផ្តើមបើកការដ្ឋានសាងសង់គម្រោងព្រែកជីកឲ្យបានឆាប់បំផុតកុំនៅបង្អង់យូរ

ថ្លែងសារពិេសសជូនជនរួមជាតិតាមរយៈទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ឲ្យនាយករដ្ឋមន្រ្តីបច្ចុប្បន្នចាប់ផ្តើមអនុវត្តបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោឆាប់ៗ ដោយមិនត្រូវបន្អែបន្អនយូរទៀតនោះ។

សម្ដេចបញ្ជាក់ជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។

សម្តេចបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមតែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ។ ទន្ទឹមនឹងនេះសម្ដេចជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានលើកឡើងថា គម្រោងព្រែកជីកនេះជាគំនិតផ្គួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន។

ជាមួយគ្នានេះ សម្ដេចប្រធានព្រឹទ្ធសភាបានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន។ សម្ដេចតេជោ សម្ដែងការសោកស្ដាយ ដែលក្នុងនាមជាបញ្ញវន្តមួយរូប ប៉ុន្ដែក្រុមអ្នកវិភាគប្រឆាំងមួយក្ដាប់តូចនោះ បែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។

បើតាមសម្តេច ហ៊ុន សែន តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ផ្តល់ឲ្យ