ក្រុមមេធាវីរាជរដ្ឋាភិបាល បង្ហាញលេខទូរស័ព្ទ ៣ខ្សែឲ្យពលរដ្ឋរងគ្រោះជាមួយក្រុមហ៊ុន ប្រ៊ីលាន ទំនាក់ទំនង

ក្រុមមេធាវីរាជរដ្ឋាភិបាល បង្ហាញលេខទូរស័ព្ទ ៣ខ្សែឲ្យពលរដ្ឋរងគ្រោះជាមួយក្រុមហ៊ុន ប្រ៊ីលាន ទំនាក់ទំនង

ក្រុមមេធាវីរាជរដ្ឋាភិបាល បានបង្ហាញលេខទូរស័ព្ទចំនួន ៣ខ្សែ ដែលអាចឲ្យពលរដ្ឋរងគ្រោះជាមួយក្រុមហ៊ុន ប៊ីលាន ស៊ីធី ទំនាក់ទំនងការងារ។

ការបង្ហាញលេខទូរស័ព្ទនេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានធ្វើសិទ្ធិប្រទានពេញសមត្ថភាពជូនលោក គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ឲ្យបំពេញភារកិច្ចជាមេធាវីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD.)។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី ១៥ ខែឧសភានេះ បានឲ្យដឹងថា ក្រុមមេធាវីរាជរដ្ឋាភិបាល គោរពទទួលអនុវត្តតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ ជូនប្រជាពលរដ្ឋរងគ្រោះ ស្របតាមនីតិវិធី និងច្បាប់ជាធរមាន នៅគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ។

សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងចាត់តាំងសមាជិកមេធាវីរាជរដ្ឋាភិបាល ជាតំណាង និងការពារសិទ្ធិជូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធជាមួយក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ឯ.ក។ ប្រជាពលរដ្ឋរងគ្រោះ អាចធ្វើការទំនាក់ទំនងការងារ តាមប្រព័ន្ធទូរស័ព្ទ (នៅរៀងរាល់ម៉ោងធ្វើការ) រួមមាន៖ 017 991 115, 012 518 999, 010 447 300។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះដែរថា ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេច, គឺសម្ដេចបានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ខ្ញុំស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឲ្យបាននូវការអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តខិតខំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

តាមដានជាមួយយើង៖ Million Times