ដកហូតគោរមងារ«អ្នកឧកញ៉ា» ពីលោក ហុី គឹមហុង ក្រោយផ្ទុះរឿងឆបោកប្រាក់ពលរដ្ឋអស់ ១០លានដុល្លារ

ដកហូតគោរមងារ«អ្នកឧកញ៉ា» ពីលោក ហុី គឹមហុង ក្រោយផ្ទុះរឿងឆបោកប្រាក់ពលរដ្ឋអស់ ១០លានដុល្លារ

រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តបោសសម្អាតរូបវន្តបុគ្គលមានគោរមងារ«លោកអ្នកឧកញ៉ា, អ្នកឧកញ៉ា, ឧកញ៉ា» បណ្តើរៗហើយ ក្រោយពួកគេមានរឿងរ៉ាវពាក់ព័ន្ធតុលាការផ្ទន្ទាទោស ឬករណីឆបោកប្រាក់ប្រជាពលរដ្ឋតាមរយៈរូបភាពវិនិយោគអចលនទ្រព្យ។

លោក ហុី គឹមហុង ដែលផ្ទុះរឿងឆបោកប្រាក់ប្រជាពលរដ្ឋអស់ប្រមាណ ១០លានដុល្លារ ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារ «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៤១ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

លោក ហ៊ី គឹមហុង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពិភពដីមាស អ៊ិមវេសម៉ិន ឯ.ក (Piphup Deimeas Investment Co.,Ltd.) ជាប់ឈ្មោះជាជនត្រូវចោទនៅស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោកមានស្ថានទម្ងន់ទោស។

​លោក​ ហ៊ី គឹមហុង និងបក្ខពួក ត្រូវបានចាប់ខ្លួនដោយប៉ូលិស​រាជធានី​ភ្នំពេញ កាល​ពី​ខែស៏ហា ឆ្នាំ២០២៣ ​លើករណី​ឆបោក​ពលរដ្ឋនៅខេត្ត​កំពត​ជាង៧០០គ្រួសារ​ ដោយពលរដ្ឋវិនិយោគប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​គម្រោង​​អចលនទ្រព្យ​ គិតជាលុយប្រមាណ ១០លានដុល្លារ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម