លោក John C. Maxwell ជម្រាបជូនសម្ដេចធិបតី ថា លោកបានបើកវគ្គបណ្ដុះបណ្ដាលជំនាញភាពជាអ្នកដឹកនាំ ជូននិស្សិតខ្មែរជាង ២ ០០០នាក់

លោក John C. Maxwell ជម្រាបជូនសម្ដេចធិបតី ថា លោកបានបើកវគ្គបណ្ដុះបណ្ដាលជំនាញភាពជាអ្នកដឹកនាំ ជូននិស្សិតខ្មែរជាង ២ ០០០នាក់

លោកបណ្ឌិត John C. Maxwell ដែលជាអ្នកជំនាញបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ជាអ្នកនិពន្ធ និងជាប្រធាន ក្រុមហ៊ុនផ្នែកបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដ៏ធំមួយ នៅលើពិភពលោក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយបានបណ្ដុះបណ្ដាលនិស្សិតខ្មែរជាង ២ ០០០នាក់ លើជំនាញទន់ (Soft Skills) ដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ (Leadership)។

តាមដានជាមួយយើង៖ Million Times

កាលពីរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត John C. Maxwell ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ លោកបណ្ឌិត John C. Maxwell បានជម្រាបជូនសម្ដេចធិប​តី អំពីសកម្មភាពការងាររបស់ក្រុមហ៊ុនលោក តាមរយៈការបណ្តុះបណ្តាលលើជំនាញភាពជាអ្នកដឹកនាំ (Leadership) នៅតាមបណ្តាប្រទេសនានា លើពិភពលោក។

លោកបណ្ឌិត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាឱកាសនេះ គឺជាលើកទី ១របស់លោក ហើយការអញ្ជើញមកនេះមានគោលបំណង ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ (Soft Skills) ដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ (Leadership) ដោយលោកបណ្ឌិតបានផ្តល់វគ្គបណ្តុះបណ្តាលជូននិស្សិតកម្ពុជាជាង ២ ០០០នាក់ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤។

បន្ថែមលើនេះលោកបណ្ឌិត John C. Maxwell ក៏បានគោរពជម្រាបពីបំណងក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតពិសេសលើការកសាងជំនាញភាពជាអ្នកដឹកនាំ ហើយលោកបណ្ឌិត ក៏បានបង្ហាញពីបំណងពង្រីកកិច្ចសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជានាអនាគតផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមហ៊ុនរបស់លោកបណ្ឌិត John C. Maxwell​ ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតកម្ពុជា ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ នៃការបណ្តុះបណ្តាលជំនាញទន់ដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ដោយសម្តេចធិបតី បានសង្កត់ធ្ងន់ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និង ជំនាញទន់(Soft Skills)។

សម្តេចធិបតី បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញទន់ ជាពិសេសភាពជាអ្នកដឹកនាំនេះ គឺពិតជាមានសារៈសំខាន់ និងជាតម្រូវការរបស់អង្គភាព និងស្ថាប័ន ទាំងវិស័យសាធារណៈ និងឯកជន ព្រោះថាដើម្បីអាចប្រែក្លាយទៅជាអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយនឹងការលើកទឹកចិត្ត និងការប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯង ជាមុនសិន៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកសម្ដេចធិបតី