គម្រោងស្តារប្រឡាយលេខ ១៥ សម្រេចបាន ៧០ភាគរយហើយ ដោយប្រឡាយនេះជាច្រកផ្លូវទឹកដ៏មានសក្តានុពល សម្រាប់ចរាចរណ៍ដោះដូរទំនិញ

គម្រោងស្តារប្រឡាយលេខ ១៥ សម្រេចបាន ៧០ភាគរយហើយ ដោយប្រឡាយនេះជាច្រកផ្លូវទឹកដ៏មានសក្តានុពល សម្រាប់ចរាចរណ៍ដោះដូរទំនិញ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក លើកឡើងថា ប្រឡាយលេខ ១៥ ស្ថិតនៅខេត្តតាកែវ មានតួនាទីមិនត្រឹមបម្រើឲ្យការងារស្រោចស្រពផ្ទៃដីកសិកម្មប៉ុណ្ណោះទេ តែជាផ្លូវនាវាចរដ៏សំខាន់សម្រាប់ដឹកកសិផល និងជាច្រកផ្លូវទឹកដ៏មានសក្តានុពល សម្រាប់ចរាចរណ៍ដោះដូរទំនិញ។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងនេះ នៅពេលដែលលោក និងមន្ត្រីបច្ចេកទេសក្រសួង ព្រមទាំងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងស្តារប្រឡាយលេខ ១៥ ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ៨ ខែឧសភានេះ។​

គួរឲ្យដឹងថា ប្រឡាយលេខ ១៥នេះ បានជួបប្រទះស្ថានភាពគោករាក់ ដែលចាំបាច់តម្រូវឲ្យក្រសួងធនធានទឹកធ្វើការស្តារឡើងវិញ។ គម្រោងស្តារប្រឡាយលេខ ១៥ រួមមាន៖ ស្តារប្រឡាយមេចំនួន ៤ខ្សែ ប្រឡាយរងទី ១ចំនួន ១១ខ្សែ ប្រឡាយរងទី ២ (ប្រឡាយជើងក្អែប) ចំនួន ១០ខ្សែ ដែលមានប្រវែងសរុបជាង ៥៦គីឡូម៉ែត្រ ក្នុងនោះប្រឡាយដីមានប្រវែងជាង ៣២គីឡូម៉ែត្រ និងប្រឡាយបេតុងមានប្រវែងជាង ២៣គីឡូម៉ែត្រ និងស្ថានីយបូមទឹកមួយកន្លែង បំពាក់ដោយម៉ូទ័រដើរដោយចរន្តអគ្គិសនីចំនួន ៤គ្រឿង។ រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧០ភាគរយហើយ។

ក្នុងពេលចុះពិនិត្យនេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក មានប្រសាសន៍ថា ប្រឡាយលេខ ១៥ តភ្ជាប់ពីស្រុកអង្គរបុរីមកក្រុងដូនកែវ មានតួនាទីមិនត្រឹមបម្រើឲ្យការងារស្រោចស្រពផ្ទៃដីកសិកម្មប៉ុណ្ណោះទេ។ ប៉ុន្តែជាផ្លូវនាវាចរដ៏សំខាន់ សម្រាប់ដឹកកសិផលដែលប្រជាកសិករផលិតបាន និងជាច្រកផ្លូវទឹកដ៏មានសក្តានុពលសម្រាប់ចរាចរណ៍ដោះដូរទំនិញជាមួយប្រទេសជិតខាង ដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមការងារ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងឲ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ដោយធានាបាននូវគុណភាព សម្រាប់ការប្រើប្រាស់បានយូរអង្វែង។

បញ្ជាក់បន្ថែមដែរថា ប្រឡាយលេខ ១៥ មានសក្តានុពលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣ គឺស្រុកទ្រាំង ស្រុកអង្គរបុរី និងក្រុងដូនកែវ និងមានលទ្ធភាពបម្រើដល់ការងារស្រោចស្រពលើផ្ទៃដី បង្កបង្កើនផលប្រមាណ ១២ ០០០ ហិកតា៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកក្រសួងធនធានទឹក