លោក ជា វ៉ាន់ដេត ណែនាំមន្ត្រីបន្តចុះសម្ភាសន៍ពលរដ្ឋនៅភ្នំពេញ សិក្សាពីបញ្ហាប្រឈមជុំវិញការប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធឺណិត

លោក ជា វ៉ាន់ដេត ណែនាំមន្ត្រីបន្តចុះសម្ភាសន៍ពលរដ្ឋនៅភ្នំពេញ សិក្សាពីបញ្ហាប្រឈមជុំវិញការប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធឺណិត

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានណែនាំមន្ត្រីរបស់ខ្លួន បន្តចុះសម្ភាសន៍តាមតំបន់នានាក្នុងរាជធានីភ្នំពេញ ដើម្បីសិក្សាស្ថានភាព និងបញ្ហាប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត។

ការណែនាំនេះ ធ្វើឡើងក្នុងដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញទាំង​ ៩ក្រុម នៅតាមបុរី និងខណ្ឌទាំង ១៤ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំដល់ក្រុមការងារបន្តពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី​ និងទីតាំងអគារខ្ពស់ៗ​ ក្នុងការជំរុញគុណភាពសេវា។

ប​ន្ថែមលើនេះ លោកក៏បានណែនាំឲ្យក្រុមការងារទទួលបន្ទុកតាមតំបន់នីមួយៗ ក្នុងរាជធានីភ្នំពេញ ត្រូវបន្តសម្របសម្រួលការចុះសម្ភាសន៍តាមតំបន់ ក្នុងការសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយ ឲ្យបានទាន់ពេលវេលា ផងដែរ។

គិតមកដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាង់សង់ “បង្គោលអង់តែនរួម” ៧៤បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗ អាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន ៣ក្រុមហ៊ុន។ ស្ថានីយអង់តែនចំនួន ១៥៧ បានដាក់ឲ្យដំណើរការ ដោយក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែន តាមការបានគ្រោងទុក។

ចំណែកខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ បានសាងសង់បន្ថែម “បង្គោលអង់តែនរួម” ២៩៨ បង្គោល ដែលស្ថានីយអង់តែនចំនួន ៣២០ បានដាក់ឲ្យដំណើរការ ដោយក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករ នឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀត រហូតគ្រប់ចំនួនតាមការគ្រោងទុក។

បញ្ជាក់ដែរថា បច្ចុប្បន្ន លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបន្ថែមសមាសភាពក្រុមការងារប្រតិបត្តិរហូតដល់ ៩ក្រុម ដើម្បីជួយពន្លឿនក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅរាជធានីភ្នំពេញកាន់តែប្រសើរឡើង និងជំរុញការអនុវត្តផែនការសកម្មភាពលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងបុរី អគារ ខុនដូ-អាផាតមិន អគារខ្ពស់ អគារពាណិជ្ជកម្ម ផ្សារទំនើប និងទីតាំងផ្សេងទៀតតាមការចាំបាច់ នៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖​ វីរៈ រូបភាព៖ ហ្វេសប៊ុកក្រសួងប្រៃសណីយ៍