ចាប់ផ្ដើមជីកប្រឡាយជុំវិញឧទ្យានតេជោសែនឫស្សីត្រឹប ខណៈគ្រោងចំណាយថវិកា ៥២ម៉ឺនដុល្លារ

ចាប់ផ្ដើមជីកប្រឡាយជុំវិញឧទ្យានតេជោសែនឫស្សីត្រឹប ខណៈគ្រោងចំណាយថវិកា ៥២ម៉ឺនដុល្លារ

គម្រោងជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប បានចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤កន្លងទៅនេះ បន្ទាប់ពីលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសស្វែងរកការជួយឧបត្ថម្ភពីសាធារណជន កាលពីដើមឆ្នាំកន្លងមកនេះ។

តាមដានជាមួយយើង៖ Million Times

គម្រោងជីកប្រឡាយនេះ មានជម្រៅ ២, ៥ម៉ែត្រ ទទឹង ៦ម៉ែត្រ និងបណ្តោយ ៥២គីឡូម៉ែត្រ ហើយគម្រោងចំណាយថវិកាអស់ ៥២ម៉ឺនដុល្លារអាមេរិក។ បើតាមលោក សុខ ទូច គិតត្រឹមថ្ងៃទី ៥ ខែឧសភា ថវិកាដែលសប្បុរសជនបានចូលរួមមានចំនួន ១១ម៉ឺនដុល្លារអាមេរិកជាតួរលេខ ហើយប្រាក់ដែលបានផ្ដល់ជូនរួចមានចំនួន ៥៣ ០០០ដុល្លារអាមេរិក និងប្រាក់រៀលចំនួន ៦៦លានរៀល។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ៦ ខែឧសភាថា «ជនរួមជាតិជាទីស្នេហា សូមចូលរួមថែរក្សា ឧទ្យានអស្ចារ្យ ធម្មជាតិចំរុះ ទោះតិចក្តីច្រើនក្តី ខ្មែរយើងប្រុសស្រីជួយតាមសធ្ធា ១០០០រៀលក្តី ២០០០រៀលក្តី ធ្វើជាសាក្សី ការពារអភិរក្សដែនដីឧទ្យានដ៏អស្ចារ្យនេះ»។

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ៧ ខែឧសភានេះដែរថា ចាប់តាំងពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសស្វែងរកការជួយឧបត្ថម្ភមក មានសាធារណជនជាច្រើនទាំងក្នុង និងក្រៅប្រទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចាប់ពី ២០០រៀល រហូតដល់ ៥០ ០០០ដុល្លារអាមេរិក ដើម្បីរួមចំណែកជួយការពារឧទ្យាន។  

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា គម្រោងជីកប្រឡាយទឹក ធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥  រួមមាន៖ ១. ឆ្មាំឧទ្យានអាចមានលទ្ធភាពចល័តពេលយាមកាម តាមព្រំដែនបានយ៉ាងងាយស្រួល។ ២. ផ្តល់ភាពទាក់ទាញ សោភ័ណភាព និងភាពស្រស់ស្រាយជូនដល់ភ្ញៀវទេសចរណ៍ដែលមកកាន់ទីនេះ។ ៣. ជាប្រភពទឹកសម្រាប់សត្វព្រៃនិងសត្វបក្សាបក្សីគ្រប់ប្រភេទ។ ៤. ផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងធនធាននៅក្នុងឧទ្យាន។ ៥. សត្វព្រៃគ្រប់ប្រភេទងាយស្រួលក្នុងការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកបណ្ឌិត គិន ភា