អ្នកនាំពាក្យ៖ ចំនួនសហជីពជាង ៦០០០ បើប្រៀបធៀបនឹងប្រជាជន ១៧លាននាក់ គឺជាចំនួនច្រើនណាស់

អ្នកនាំពាក្យ៖ ចំនួនសហជីពជាង ៦០០០ បើប្រៀបធៀបនឹងប្រជាជន ១៧លាននាក់ គឺជាចំនួនច្រើនណាស់

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកឡើងថា សហជីពនៅកម្ពុជាមានជាង ៦ ០០០ ដែលជាចំនួនដ៏ច្រើនមួយ បើប្រៀបធៀបនឹងចំនួនប្រជាជនកម្ពុជា ១៧លាននាក់។ ការលើកឡើងនេះ បន្ទាប់ពីមជ្ឈដ្ឋានមួយចំនួន និយាយថា លំហសេរីភាពសហជីពនៅកម្ពុជា មានការរឹតត្បិត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា នៅថ្ងៃទី ១ ខែឧសភា ក្នុងទិវាពលកម្មអន្ដរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលញាត្តិពីសហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន។ ក្រសួងការងារ នឹងពិនិត្យអ្វីដែលជាការលើកឡើងរបស់សហជីព អ្វីដែលក្រសួងបានអនុវត្តដោយជោគជ័យ អ្វីដែលក្រសួងកំពុងអនុវត្ត និងអ្វីដែលជាការលើកឡើងមិនឆ្លុះបញ្ចាំងការពិត។

លោកលើកឡើងបន្តថា ការប្រមូលផ្តុំតវ៉ា និងដាក់ញាត្តិរបស់សហជីព និងអង្គការសង្គមស៊ីវិល បង្ហាញឲ្យឃើញពីលំហសេរីភាពសហជីព និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលមានសេរីភាពពេញលេញ មិនដូចការលើកឡើងថា លំហសេរីភាពសហជីព និងអង្គការសង្គមស៊ីវិលនៅកម្ពុជាមានការឹតត្បិត នោះទេ។

បើតាមអ្នកនាំពាក្យក្រសួងការងាររូបនេះ ការធ្វើវិសោធនកម្មច្បាប់សហជីព និងច្បាប់ការងារ មានគោលដៅធានាផលប្រយោជន៍ និងសិទ្ធិរបស់កម្មការនិយោជិត និយោជក និងសេរីភាពសហជីព ព្រមទាំងបង្កភាពងាយស្រួលក្នុងការចុះបញ្ចីកា និងការប្រព្រឹត្តទៅរបស់សហជីព។

លោក កត្តា អ៊ន បានកត់សម្គាល់ថា ចំនួនសហជីពជាង ៦០០០ បើប្រៀបធៀបនឹងប្រជាជន ១៧លាននាក់ គឺជាចំនួនច្រើនណាស់ ដោយសារអ្វី គឺដោយសារលំហសេរីភាពសហជីព ភាពងាយស្រួលក្នុងការចុះបញ្ចីកា និងការតាក់តែងលក្ខន្តិកៈរបស់ខ្លួនដោយសេរី ព្រមទាំងសេរីភាពដ៏ទូលំទូលាយ នៃការប្រព្រឹត្តទៅរបស់សហជីពនៅកម្ពុជា។

តាមសំណេរនៅលើហ្វេសប៊ុក លោក កត្តា អ៊ន ក៏បានបញ្ជាក់ថា ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ទោះជននោះជានរណា មកពីស្ថាប័នណា អង្គការណា សហជីពណាក៏ដោយ គឺជាការពង្រឹងនីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ ដែលប្រទេសណាក៏អនុវត្តច្បាប់របស់ខ្លួនដើម្បីធានាសុវត្ថិភាព ស្ថេរភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍សាធារណៈ។

សូមជម្រាបថា ច្បាប់សហជីពរបស់កម្ពុជាផ្តល់លក្ខខណ្ឌបង្កើតសហជីព តម្រូវឲ្យមានកម្មករនិយោជិត ១០នាក់ គឺល្អប្រសើរជាងបណ្តាប្រទេសមួយចំនួន និងអនុសាសន៍របស់អង្គការ ILO (ILO តម្រូវឲ្យមានកម្មករនិយោជិក ៥០នាក់ អូស្ត្រាលី ហ្វីលីពីន បង់ក្លាដែស តម្រូវឲ្យមានកម្មករនិយោជិត ៥០នាក់ ឬ ២០ភាគរយ ឬ ៣០ភាគរយ)៕