នាយករដ្ឋមន្ត្រី រំភើបចំពោះចលនាប្រជាជន និងយុវជន ផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅលើបណ្ដាញសង្គម

នាយករដ្ឋមន្ត្រី រំភើបចំពោះចលនាប្រជាជន និងយុវជន ផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅលើបណ្ដាញសង្គម

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញក្ដីរំភើបរីករាយចំពោះចលនារបស់ប្រជាជន និងយុវជនខ្មែរជាច្រើន ចូលរួមក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ សម្ដេចនាយករដ្ឋមន្ត្រី​ សង្ឃឹមថា ចលនានេះ នឹងបន្តរីកដុះដាលទៅដល់គ្រប់ទម្រង់នៃសិល្បៈ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម នៅយប់ថ្ងៃទី ៣០​ ខែមេសានេះ សម្ដេច ហ៊ុន ម៉ាណែត បានសរសេរថា «ខ្ញុំពិតជាមានក្តីរំភើបរីករាយចំពោះចលនារបស់ប្រជាជន និងយុវជនខ្មែរជាច្រើន ដែលបានថតជារូបភាព និងវីដេអូផ្សេងៗ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ទៅតាមលទ្ធភាព និងសមត្ថភាពរបស់ពួកគាត់។ ខ្ញុំសង្ឃឹមថា ចលនាដ៏សកម្មនេះ នឹងបន្តរីកដុះដាលទៅដល់គ្រប់ទម្រង់នៃសិល្បៈខ្មែរ ដើម្បីលើកស្ទួយមោទនភាពជាតិខ្មែរយើង»។

ប្រមុខរាជរដ្ឋាភិបាល បានសរសេរបន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង​-ស្ថាប័នពាក់ព័ន្ធ នឹងបន្តយកចិត្តទុកដាក់ និងជំរុញការអភិរក្ស និងការអភិវឌ្ឍសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ សំដៅធ្វើយ៉ាងណាថែរក្សាកេរដំណែលដ៏ពិសិដ្ឋផូរផង់នេះ ឲ្យបានឋិតថេរគង់វង្ស។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការអភិរក្ស និងការអភិវឌ្ឍផ្នែកវប្បធម៌ត្រូវបោះជំហានទន្ទឹមគ្នា ដើម្បីរក្សាឲ្យបានគង់វង្សនូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈ វប្បធម៌ ប្រពៃណី និងសាសនា ប្រកបដោយភាពបត់បែនស្របតាមវឌ្ឍនភាពរបស់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការពង្រឹងការស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងបណ្តុះបណ្តាលមូលដ្ឋានគ្រឹះឲ្យបានច្បាស់លាស់ សម្រាប់កូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ៕

តាមដានជាមួយយើង៖ Million Times