សម្តេច ហ៊ុន សែន និងកូនប្រុសទាំង៣ ពិសាអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ នៅសណ្ឋាគារ រូសវូត លើកំពូលអគារវឌ្ឍនៈ

សម្តេច ហ៊ុន សែន និងកូនប្រុសទាំង៣ ពិសាអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ នៅសណ្ឋាគារ រូសវូត លើកំពូលអគារវឌ្ឍនៈ

នៅរាត្រីថ្ងៃចន្ទ ទី២៩ ខែមេសាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមដំណើរដោយលោក ហ៊ុន​ ម៉ានិត និងលោក ហ៊ុន ម៉ានី បានទទួលព្រះរាជដំណើរយាងរបស់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់កម្ពុជា។

ការយាងរបស់ព្រះអង្គមកកាន់កម្ពុជានាពេលនេះ គឺមិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នាព្រឹកថ្ងៃទី​៣០ ខែមេសា​នេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោ​គឺសម្តេចធិបតី ហ៊ុន ម៉ា​ណែត នាយក​ររដ្ឋមន្ត្រី, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន។

តាមដានជាមួយយើង៖ Million Times

ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច​តេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារ​វឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ​ក្រ​យានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែ​មួយ​។

បើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន នៅលើបណ្តាញសង្គម ព្រះមហាក្សត្រប្រុយណេ, លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ និងសម្តេចមានការ​រាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុតក្នុងពេលដឹកនាំប្រទេស។ ក្នុងនោះព្រះចៅស៊ុលតង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចមានអាយុ ៧២ឆ្នាំ ជាប្អូនពៅ។ ​ចំណងមិត្តភាពរបស់មេដឹកនាំដែលមានប្រជាប្រិយភាពនៅអាស៊ីអាគ្នេយ៍ទាំង៣ព្រះអង្គ/រូប បានរក្សាយ៉ាងខ្ជាប់ខ្ជួនតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក។ មិនត្រឹមតែទំនាក់ទំនង​លក្ខណៈបុគ្គល និងបុគ្គលនោះទេ តាមរយៈចំណងមេត្រីភាពដ៏រឹងមាំនេះ បងប្អូនធម៌​ទាំង​​៣អង្គ/រូប តែងមូលព្រះទ័យ និងចិត្តគំនិតលើការដឹកនាំរដ្ឋ ដើម្បីនាំមកឧត្តម​ប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង៣នេះផងដែរ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គមសម្តេចប្រធានព្រឹទ្ធសភា