សម្តេច ហ៊ុន ម៉ាណែត៖ ស្នាដៃ និងទេពកោសល្យរបស់សិល្បករខ្មែរបានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក

សម្តេច ហ៊ុន ម៉ាណែត៖ ស្នាដៃ និងទេពកោសល្យរបស់សិល្បករខ្មែរបានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា  ស្នាដៃ និងទេពកោសល្យរបស់សិល្បករ សិល្បការិនីខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជាទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។

នៅចំពោះមុខក្រុមមរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ក្នុងពិធីពិសាអាហារសាមគ្គីនិងផ្តល់គ្រឿងឥស្សរិយយសរុបចំនួន ២.១៣៣រូបជូនដល់សិល្បករ នាល្ងាចថ្ងៃទី២៥ ខែមេសាម្សិលមិញ សម្តេច ហ៊ុន ម៉ាណែតបានថ្លែងថា «យើងទាំងអស់គ្នាពិតជាទទួលស្គាល់ថា ក្នុងសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន តួនាទីរបស់សិល្បករ សិល្បការនីខ្មែរកាន់តែមានសារៈសំខាន់ខ្លាំងក្លា​ ជាពិសេសសិល្បករមួយរូបៗ​ សុទ្ធតែអាចជាឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង»។

តាមដានជាមួយយើង៖ Million Times

សម្តេចនាយករដ្ឋមន្រ្តីធ្វើការបញ្ជាក់ថា ការដាក់បញ្ចូលវិស័យវប្បធម៌ទៅក្នុងសាកលភាវូបនីយកម្ម បានផ្តល់ផលវិជ្ជមាន និងឱកាសដល់កម្ពុជា​ ក្នុង​ (១)​ការបង្ហាញនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌របស់ខ្មែរលើឆាកអន្តរជាតិ តាមរយៈការសម្តែងសិល្បៈ ការដាក់តាំងពិព័រណ៍ ការបញ្ចាំងភាពយន្ត ការបង្កើតព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសជាមិត្ត ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយវប្បធម៌​ និង(២)ការពង្រីកឧស្សាហកម្មក្នុងវិស័យវប្បធម៌របស់កម្ពុជាតាមរយៈទីផ្សាទេសចរណ៍​ និងផ្តល់លទ្ធភាពដល់សិប្បករចម្លាក់ គំនូរ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗក្នុងការបង្ហាញនូវផលិតផលសម្បូរបែបឱ្យមានវត្តមាននៅលើឆាកអន្តរជាតិ។ 

សម្តេចគូសបញ្ជាក់ថា សាកលភាវូបនីយកម្ម បានធ្វើឱ្យខ្សែបន្ទាត់បែងចែករវាងវប្បធម៌របស់ប្រទេសនីមួយៗមានភាពស្រពិចស្រពិលដោយការគ្រប់ដណ្តប់នៃឥទ្ធិពលវប្បធម៌សាកល​ ដែលបាន​ជ្រៀតចូលតាមរយៈសម្ភារ វប្បធម៌ តូរ្យតន្ត្រី ។ល។ មកលើប្រជាជន ជាពិសេសក្នុងស្រទាប់យុវវ័យពីមួយជំនាន់ទៅមួយជំនាន់ ដែលអាចបង្កជាហានិភ័យដល់វប្បធម៌ ប្រពៃណីតាមបណ្តាប្រទេសទាំងនោះក្នុងរយៈពេលវែង។ ក្នុងន័យនេះ ការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ត្រូវបោះជំហានទន្ទឹមគ្នា ដើម្បីរក្សាឱ្យបានគង់វង្សនូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈ វប្បធម៌ ប្រពៃណី សាសនារបស់យើង ប្រកបដោយភាពបត់បែនស្របតាមការវិវត្តរបស់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការពង្រឹងការស្រាវជ្រាវ និងចងក្រងឯកសារមូលដ្ឋានសំខាន់ៗឱ្យបានច្បាស់លាស់ សម្រាប់ទុកឱ្យប្រជាជនក្រេបយកចំណេះដឹងច្រើនជំនាន់រៀងទៅ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមការងារព័ត៌មានសម្តេចធិបតី