រដ្ឋមន្រ្តីក្រសួងកសិកម្មចុះច្រមុជទឹកដោយផ្ទាល់មើលផ្កាស្មៅសមុទ្រនៅកោះអាចម៍សេះ

រដ្ឋមន្រ្តីក្រសួងកសិកម្មចុះច្រមុជទឹកដោយផ្ទាល់មើលផ្កាស្មៅសមុទ្រនៅកោះអាចម៍សេះ

កាន់តំណែងរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីចុងអាណត្តិទី៦ ជំនួសលោក វេង សាខុន ត្រូវបានដកចេញ ហើយបន្តតំណែងរដ្ឋមន្រ្តីអាណត្តិទី៧នេះ លោក ឌិត ទីណា បានចុះច្រមុជទឹកដោយផ្ទាល់មើលស្មៅសមុទ្រនាពេលថ្មីៗនេះ។

ក្នុងពេលចុះពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប លោក ទីណា បានចុះជ្រមុជទឹកទៅពិនិត្យមើលតំបន់អភិរក្សនៅតំបន់កោះអាចម៍សេះ ដែលសម្បូរទៅដោយស្មៅសមុទ្រ។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា ស្មៅសមុទ្រដែលលូតលាស់ល្អ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដ៏ប្រសើរសម្រាប់ពពួកសត្វគ្រប់ប្រភេទ ជាពិសេសសត្វជ្រូកទឹកដែលចាប់ផ្ដើមលេចមុខឡើងវិញនៅតំបន់នេះ។ ស្មៅសមុទ្រនៅក្នុងខេត្តកែប និងខេត្តកំពត មានចំនួនជាង ១២ ០០០ហិកតា ច្រើនជាងខេត្តជាប់តំបន់ឆ្នេរផ្សេងទៀតរបស់កម្ពុជា។

ជាមួយគ្នានេះលោកបានអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងការថែរក្សានិងអភិរក្សស្មៅសមុទ្រ ដើម្បីនិរន្ដរភាពធនធានជលផលនិងប្រព័ន្ធជីវចម្រុះបាតសមុទ្រ។

សម្រាប់លោករដ្ឋមន្ដ្រី ការងាររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC សហការជាមួយរដ្ឋបាលជលផល បានរួមចំណែកជួយស្ដារឡើងវិញនូវធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្រ។ លោកបានផ្ដល់អនុសាសន៍ដល់អង្គការ MCC បន្តអនុវត្តការងាររបស់ខ្លួន ឱ្យ មានប្រសិទ្ធភាព និងត្រូវសហការឱ្យ បានជិតស្និទ្ធជាមួយរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវតម្លាភាព និងភាពស្មោះត្រង់ រវាងគ្នាទៅវិញទៅមក ដើម្បីនិរន្ដរភាពនៃធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់កម្ពុជា៕

អត្ថបទ៖ រ៉ាវី

តាមដានជាមួយយើង៖ Million Times