អ្នកឧកញ៉ាខ្មែរដើមកំណើតចិន លោក ចេន ហ្សុី តែងតាំងជាទីប្រឹក្សាសម្តេច ហ៊ុន សែន

អ្នកឧកញ៉ាខ្មែរដើមកំណើតចិន លោក ចេន ហ្សុី តែងតាំងជាទីប្រឹក្សាសម្តេច ហ៊ុន សែន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងថៅកែសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប លោក ចេន ហ្សុី (Chen Zhi) ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ។ នេះបើតាមព្រះរាជក្រឹត្យលេខនស/រកត/០៤២៤/៣៧៩ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឡាយព្រះហត្ថលេខាដោយព្រះករុណា ព្រះមហាក្សត្រ។

មានដើមកំណើតជាជនជាតិចិន លោក ចេន ហ្ស៊ី ដែលគេស្គាល់ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប កំពុងរកស៊ីខាងវិស័យអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើនទៀតនៅកម្ពុជាតាំងពីឆ្នាំ២០១៥។ លោក ចេន ហ្សុី មានគោរមងារ«អ្នកឧកញ៉ា»ដែលប្រទានដោយព្រះមហាក្សត្រ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ និងទទួលបានគោរមងារ«ឧកញ៉ា» នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦។

តាមដានជាមួយយើង៖ Million Times

ម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលកំពុងរកស៊ីក្នុងពហុវិស័យ លោក ចេន ហ្សុី ទទួលបានសញ្ជាតិខ្មែរនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៤ និងក្នុងនាមជាអ្នកជំនួញដ៏សកម្មម្នាក់ លោកធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាច្រើនរូប ដូចជា៖ «ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ, ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៦ និងជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ទីប្រឹក្សាក្រសួងមហាផ្ទៃ និងទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាដើម»។

ក្នុងចំណោមមុខតំណែងជាទីប្រឹក្សាថ្នាក់ដឹកនាំស្ថាប័នជាតិទាំង៤រូប មុខតំណែងជាទីប្រឹក្សាសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នីតិកាលទី៦ មិនបានបញ្ជាក់ថាមិនយកប្រាក់បៀវត្សរ៍ ឬពុំទទួលប្រាក់បំណាច់មុខងារអ្វីឡើយ ពោលមានន័យថា លោក ចេន ហ្ស៊ី អាចទទួលបានប្រាក់បំណាច់មុខងារសម្រាប់មុខតំណែងនេះ។

លោក ចេន ហ្សុី ជាអ្នកដឹកនាំសាជីវកម្មដ៏លេចធ្លោរមួយដែលតែងតែចេញមុខក្នុងការជួយឧបត្ថម្ភជាទឹកប្រាក់ជាច្រើនលានដុល្លារអាម៉េរិក និងធន
ធានសម្ភារៈនៅរៀងរាល់ពេលប្រទេសជាតិមានគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ សាយ សីម៉ា