លោក ជាម យៀប៖ បច្ចុប្បន្នការប្រែប្រួលអាកាសធាតុបង្កឡើងដោយការរេចរឹលនៃគម្របព្រៃឈើពិភពលោក

លោក ជាម យៀប៖ បច្ចុប្បន្នការប្រែប្រួលអាកាសធាតុបង្កឡើងដោយការរេចរឹលនៃគម្របព្រៃឈើពិភពលោក

អនុប្រធានទី១រដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមសកល ដែលបង្កឡើងដោយការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះប្រេងឥន្ធនៈ ការកើនឡើងនៃចំនួនប្រជាជនពិភពលោក និងការរេចរឹលនៃគម្របព្រៃឈើពិភពលោកជាដើម។

លោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភាជាតិ បានលើកឡើងថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមសកល ដែលបង្កឡើងដោយកត្តាសំខាន់ៗដូចជា ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះប្រេងឥន្ធនៈ ការកើនឡើងនៃចំនួនប្រជាជនពិភពលោក និងការរេចរឹលនៃគម្របព្រៃឈើពិភពលោកជាដើម។ លោកថា វិបត្តិអាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារឱ្យមានការចូលរួមដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រទេសតូច ទាំងប្រទេសធំ ទាំងកម្រិតរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

តាមដានជាមួយយើង៖ Million Times

ក្នុងសិក្ខាសាលាស្តីពីចក្ខុវិស័យទឹក÷ទស្សនវិស័យពីកម្ពុជា ដែលរៀបចំកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោក ជាម យៀប មានប្រសាសន៍ថា​៖ «ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ បានរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ ស្របពេលដែលចំនួនប្រជាជន​ និងទីក្រុងបានកើនឡើងជាបន្តបន្ទាប់ ហើយបញ្ហាទឹកក៏បានក្លាយជាបញ្ហាប្រឈមភ្ជាប់ទៅនឹងការរីកចម្រើននៃទីក្រុងដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងនៅទីប្រជុំជននិងជនបទ»។

អនុប្រធានទី១រដ្ឋសភារូបនេះបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីមុនរហូតមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ក្រោមដំបូលនៃសន្តិភាព និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេច ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ដោយបានបន្តកំណត់យកវិស័យ «ទឹក» ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោក ជៀម យៀប បានបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយសន្តិវិធី ដើម្បីបង្កើនតម្លៃនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ សំដៅបង្កើតសុខុមាលភាពទឹក ការគ្រប់គ្រងទឹកប្រកបដោយចីរភាព សកម្មភាពទឹកទាក់ទងនឹងអាកាសធាតុនៅប្រទេសកម្ពុជា និងតំបន់អាស៊ី តាមយន្តការនៃកិច្ចសហប្រតិបត្តិការសភា​ និងសភា៕

អត្ថបទ៖ សាង តេជៈ