រយៈពេល៤ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានភ្ញៀវទេសចរសរុបជាង ២១លាននាក់

រយៈពេល៤ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានភ្ញៀវទេសចរសរុបជាង ២១លាននាក់

របាយការណ៍ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៤ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ សរុបមានប្រមាណ ២១.៧០ លាននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសប្រមាណ ១១ ម៉ឺននាក់។

ក្នុងនោះខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចច្រើនជាងបំផុត គឺមានចំនួន ៥.៣៤៩.៨១១នាក់ ខេត្តព្រៃវែងមានចំនួន ២.២៩៨.៤០២នាក់ ខណៈខេត្តកំពង់ស្ពឺមានចំនួន ២.១០៣.៩១៥នាក់។

របាយការណ៍តាមមន្ទីរទេសចរណ៍រាជធានី ខេត្ត បានធ្វើការកំណត់សម្គាល់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់០៤ថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ០៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

ក្រៅពីនេះ គ្រប់រាជធានី ខេត្តមានការរៀបចំសង្រ្កានឆ្នាំថ្មី ដែលព្រឹត្តិការណ៍មួយពិតជាមានការទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋ។ ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ

បើតាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានី ខេត្ត ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។

ជាមួយគ្នានេះផងដែរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់ពីប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ​ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ​។

សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា «កត្តាចម្បងបំផុត​ គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប​ អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ»៕

អត្ថបទ៖ សាង តេជៈ