ប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ ត្រឹម១ខែសម្រេចឃ្លុំដីជាង ១ម៉ឺនហិកតា

ប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ ត្រឹម១ខែសម្រេចឃ្លុំដីជាង ១ម៉ឺនហិកតា

រយៈពេល១ខែចាប់ពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ១០,៨២១.៦៥ហិកតា រកឃើញជនសង្ស័យចំនួន ៥០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៨ករណី។ នេះបើតាមក្រសួងបរិស្ថាន។

ក្រសួងបិរស្ថានបានឲ្យដឹងថា ក្រៅពីការឃ្លុំដី និងរកឃើញជនសង្ស័យ សមត្ថកិច្ចចម្រុះក៏បានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៩២នាក់ ហើយលើសពីនេះសមត្ថកិច្ចបានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិមួយចំនួនធំ និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងជាច្រើនប្រភេទផងដែរ។

តាមដានជាមួយយើង៖ Million Times

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឱ្យក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បច្ចុប្បន្នក្រុមកម្លាំងចម្រុះ ដែលរួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃបញ្ជាការកងឯកភាពខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងមន្រ្តីឧទ្យានុរក្សចំនួន ៧៨៩នាក់ ចែកគ្នាជា១០ក្រុម បានប្រតិបត្តិការយ៉ាងក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសកាប់គាស់ រុករាន ដុតឆ្ការ ដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាកម្មសិទ្ធិក្នុងភូមិសាស្រ្តស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់៕

អត្ថបទ៖ សាង តេជៈ