អគារជាប់គាំងនៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តបន្ថែម ចំពោះពន្ធលើអចលនទ្រព្យ

សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យដែលនឹងត្រូវផុតកំណត់នៅដំណាច់ឆ្នាំ២០២៥នេះ រហូតដល់ចុងឆ្នាំ២០២៨។

សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនៅថ្ងៃពុធនេះ បានឲ្យដឹងថា ​រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី។

បើតាមក្រសួងសេដ្ឋកិច្ច ការផ្តល់ជូននេះមានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ ក្រសួងសេដ្ឋកិច្ច បង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ម្ចាស់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខាន៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ