រាជរដ្ឋាភិបាល បានសម្រេចបន្តការលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់ ក្រុងមួយចំនួន និងពន្យាការអនុវត្តប្រមូលពន្ធលើអចលនទ្រព្យចំពោះក្រុងដែលទើបតែបង្កើតថ្មី និងបន្ធូរបន្ថយលក្ខខណ្ឌលើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ចំពោះអចលនទ្រព្យមានផ្ទៃក្រឡាលើសពី ៥ហិកតា ដែលប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៥ ខែកុម្ភៈបានឲ្យដឹងថា ពន្ធលើអចលនទ្រព្យនៅតែបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងសង្កាត់ចំនួន ៤ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។


ក្រៅពីនេះ ពន្ធលើអចលនទ្រព្យនៅតែបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុង ក្រុងចំនួន ៤ រួមមាន ក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត និងលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលទើបបង្កើតថ្មី។
ដោយឡែក ពន្ធលើដីធ្លីមិនបានប្រើប្រាស់ចំពោះអចលនទ្រព្យដែលមានផ្ទៃក្រឡាលើសពី ៥ ហិកតា និងនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬ លិខិតផ្ទេរសិទ្ធិ) ជាប្រភេទដីកសិកម្ម ឬដីលំនៅឋាន ឬដីមិនមានបញ្ជាក់រូបភាពប្រើប្រាស់ដី ប៉ុន្តែស្ថានភាពប្រើប្រាស់ដីធ្លី ជាក់ស្តែងត្រូវបានប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល តម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការលើកលែងនានាខាងលើនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ និងទណ្ឌកម្មរដ្ឋបាល ពន្ធបន្ថែម និងការប្រាក់ដែលបានបង់រួចហើយនោះទេ។ ដូច្នេះចាប់ពីឆ្នាំ២០២៦ តទៅ នឹងត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម