រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពលើកទឹកចិត្ត ជំរុញឲ្យអ្នកវិនិយោគបណ្ដាក់ទុនសាងសង់ផ្ទះដែលមានតម្លៃសមរម្យចន្លោះ២ ទៅ៣ម៉ឺនដុល្លារសម្រាប់លក់ជូនមន្ដ្រីរាជការ។
ក្នុងពេលចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា «ខ្ញុំសូមឲ្យរដ្ឋបាលរាជធានីភ្នំពេញ មេត្តាពិនិត្យគិតគូរវិនិយោគធ្វើផ្ទះលក់សម្រាប់មន្ដ្រីរាជការ ដើម្បីសម្របសម្រួលជីវភាព។ ខ្ញុំគិតថា យើងអាចពិនិត្យមើលនៅតាមបុរីមួយចំនួន ឲ្យគាត់ផ្ដោតទៅលើចំណុចនេះ ប៉ុន្ដែកុំឲ្យលើសពីតម្រូវការ»។
លោកបញ្ជាក់ថា ក្នុងករណីផ្ទះដាក់លក់ត្រឹមតម្លៃចន្លោះ២ ទៅ៣ម៉ឺនដុល្លារ ដូច្នេះមន្ដ្រីរាជការដែលមានប្រាក់បៀវត្ស៍ចន្លោះ១លានកន្លះ ទៅ២លានរៀល អាចនឹងមានលទ្ធភាពក្នុងការបង់រំលស់។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឲ្យវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្ទះប្រភេទនេះ ហើយរដ្ឋក៏ពិនិត្យលទ្ធភាពក្នុងការអនុគ្រោះកម្រិតណាមួយ ដើម្បីឲ្យគម្រោងនេះចេញជារូបរាងឡើង។
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានណែនាំបន្ថែមឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះទីតាំងដីដែលផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគហើយ ប៉ុន្ដែក្រុមហ៊ុននោះមិនទាន់កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍន៍ទីតាំងដែលខ្លួនទទួលបានសិទ្ធិ។ លោកយល់ថា ប្រសិនបើក្រុមហ៊ុនមួយទទួលបានអាជ្ញាប័ណ្ណ ហើយទុកដីឲ្យនៅទំនេរក៏ជះឥទ្ធិពលមិនល្អសម្រាប់ការរៀបចំផែនការអភិវឌ្ឍដូចគ្នា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកក្រសួងមហាផ្ទៃ