អត្រាការប្រាក់ទាបជាងមុន ១ភាគ៣ រវាងអ្នកបង់រំលស់ផ្ទះ និងម្ចាស់បុរី ពេលផ្ទេរបំណុលមកបង់ជាមួយធនាគារ

ក្រោយ​មាន​ការ​សម្របសម្រួល​ពី​អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក​ជំទាវ ជា សិរី ឲ្យ​អ្នក​ខ្ចី​ពី​បុរី​ក្នុង​អត្រា​ការ​ប្រាក់​ខ្ពស់ អាច​ផ្ទេរ​បំណុល​ទៅ​គ្រឹះស្ថាន​ធនាគារ​វិញ​ក្នុង​អត្រា​ការ​ប្រាក់​ទាប លោក​អ្នក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​ទាំង​ម្ចាស់​អ្នក​ខ្ចី និង​ម្ចាស់​កម្ចី ឆាប់​ធ្វើការ​នេះ ព្រោះ​ចំណេញ​បាន​ច្រើន ហើយ​អត្រា​ការ​ប្រាក់​ខុស​គ្នា ១ភាគ៣ ឯណោះ។

តាមដានជាមួយយើង៖ Million Times

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា​លោក​អ្នក​ឧកញ៉ា លី ហួរ បាន​ជំរុញ​អតិថិជន និង​ក្រុម​អ្នក​អភិវឌ្ឍន៍​គម្រោង​បុរី ផ្ទេរ​កម្ចី​ពី​ម្ចាស់​បុរី មក​ធនាគារ ដើម្បី​ទទួល​បាន​ផល​ចំណេញ និង​ជួយ​ដល់​វិស័យ​អចលនទ្រព្យ​ទាំងអស់​គ្នា ខណៈ​ការ​បង់​រំលស់ រវាង​ម្ចាស់​បុរី និង​ធនាគារ មាន​អត្រា​ការ​ប្រាក់​ខុស​គ្នា​រហូត​ទៅ​ដល់ ១ភាគ៣។

ភាគ​ទុនិកធនាគារ អេស ប៊ី អាយ លី ហួរ បាន​បន្ត​ទៀត​ថា ការ​ផ្ទេរ​បំណុល​ទៅ​គ្រឹះស្ថាន​ធនាគារ​វិញ​​ ជា​ចំណុច​ល្អ​ប្រសើរ​ទាំង​អ្នក​ទិញ​ផ្ទះ និង​អ្នក​អភិវឌ្ឍន៍​​ទាំងអស់។ ពី​មុន​អ្នក​ទិញ បង់​អត្រា​ការ​ប្រាក់​ខ្ពស់ ហើយ​ឥឡូវ​ខុស​គ្នា ១ភាគ៣។ ដោយ​អត្រា​​បង់​ការ​ប្រាក់​ពីមុន ទាប​ណាស់​ក៏ ១២% ឡើង តែ​ឥឡូវ​អ្នក​ទិញ​ផ្ទះ​ទៅ​ធនាគារ​បង់​តែ ៨%។

គួរ​បញ្ជាក់​ថា កាលពី​អំឡុង​ដើម​ឆ្នាំ ២០២៥ ក្នុង​កិច្ច​ប្រជុំ​មួយ​រៀបចំ​ឡើង​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ រវាង​ប្រធាន​ធនាគារ​ជាតិ លោកជំទាវ ជា សិរី ជាមួយ​វិស័យ​អចលនទ្រព្យ ព្រម​ទាំង​តំណាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែលជួយ​ឲ្យ​អ្នក​ខ្ចី​ពី​បុរី​ក្នុង​អត្រា​ការ​ប្រាក់​ខ្ពស់ អាច​ផ្ទេរ​បំណុល​ទៅ​គ្រឹះស្ថាន​ធនាគារ​វិញ​ក្នុង​អត្រា​ការ​ប្រាក់​ទាប ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ HDAC