បន្ទាប់ពីជួបវិបត្តិផ្ទួនៗគ្នា ពិសេសវិបត្តិកូវីដ-១៩ វិបត្តិសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងការធ្លាក់ចុះនៃជំនួញផ្នែកអចលនទ្រព្យរួចមក អ្នកជំនាញបានសង្កេតឃើញថា ខាងធនាគារមិនសូវទម្លាក់កញ្ចប់ប្រាក់កម្ចីឲ្យអតិថិជន សម្រាប់ទិញអចលនទ្រព្យឡើយ។
អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញអចលនទ្រព្យ បានគូសបញ្ជាក់ថា ការណ៍ដែលខាងធនាគារមិនសូវទម្លាក់ប្រាក់កម្ចីជូនអតិថិជន ឬអាចនិយាយបានថា ការផ្ដល់ប្រាក់កម្ចីតិចជាងពីមុនដល់អ្នកអភិវឌ្ឍន៍ និងអតិថិជន។
អ្នកឧកញ៉ាមានប្រសាសន៍៖ «ពីមុនខាងធនាគារ អាចផ្ដល់កម្ចីទិញផ្ទះ ឬដី បាន ៧០ ភាគរយដល់អតិថិជន។ ប៉ុន្តែក្រោយជួបវិបត្តិកូវីដ-១៩ វិបត្តិសេដ្ឋកិច្ចសកលលោក ក៏ដូចជាការជាប់គាំងវិស័យអចលនទ្រព្យទាំងមូល ខាងធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនធំ មិនបានទម្លាក់កម្ចីដល់ការទិញអចលនទ្រព្យឡើយ ពិសេសខាងដីធ្លីតែម្ដង បើទោះជាមាន៣០ ភាគរយហើយក៏ដោយ»។
យ៉ាងណាសម្រាប់បញ្ហានេះ ត្រូវបានរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងចូលរួមដោះស្រាយ រហូតដល់ពេលនេះហាក់មានសង្ឃឹមឡើងវិញហើយ សម្រាប់អ្នកចង់ទិញលក់លំនៅឋាន។ ថ្មីៗនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានផ្ទះសម្បែងរស់នៅសមរម្យ
ដំណឹងនៃការរៀបចំកញ្ចប់ជួយដល់អ្នកអភិវឌ្ឍន៍ និងអតិថិជនទទួលបានកម្ចីក្នុងអត្រាការប្រាក់សមរម្យ អ្នកឧកញ៉ា សំ សុខនឿន បានវាយតម្លៃខ្ពស់ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញមុខចុះដោះស្រាយបញ្ហាជាប់គាំងផ្នែកដីធ្លី បញ្ហាជម្លោះ និងបញ្ហាអចលនទ្រព្យផ្សេងៗជាច្រើនកន្លងមកនេះ។ ពិសេសការចុះប្លង់ដីជាប្រព័ន្ធតាមបែបបច្ចេកវិទ្យាមួយចំនួនជួយឲ្យមានភាពងាយស្រួល ដើម្បីជំរុញឲ្យវិស័យអចលនទ្រព្យមានកំណើនឡើងវិញ។
កិច្ចប្រជុំពេលនៅក្រសួងរៀបចំដែនដីកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងធនាគារជាតិនៃកម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកអភិវឌ្ឍន៍ ព្រមទាំងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រេចបានផ្លែផ្កាចំនួន ២ ទី១ ជួយអ្នកអភិវឌ្ឍន៍ដែលជាប់គាំង បានទុនទាំងដុលយកទៅបង្វិល និងសាងសង់ផ្ទះបន្ត។ ទី២ ការផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ក្នុងគោលដៅផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានលំនៅឋានសមរម្យ ព្រោះពេលដែលអតិថិជនមានលុយដុំទៅទិញផ្ទះ ម្ចាស់គម្រោង ក៏មានទុនទៅសាងសង់ផ្ទះរឹងមាំឲ្យវិញបាន។ ដោយអតិថិជនអាចបង់រំលោះរយៈពេល ២៥ ទៅ៣០ ឆ្នាំ ដែលអាចបង់បន្តិចម្ដងៗទៅឲ្យធនាគារ ហើយអត្រាការប្រាក់ទាបជាងខាងអភិវឌ្ឍលំនៅឋាន។
សម្រាប់យន្តការដោះស្រាយរបស់រដ្ឋាភិបាល និងតំណាងស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅពេលនេះ អ្នកឧកញ៉ា សំ សុខនឿន គូសបញ្ជាក់បន្ថែមថា ជារឿងដ៏ល្អបំផុត ដែលអាចជួយឲ្យវិស័យអចលនទ្រព្យដើរបានល្អឡើងវិញ។ ព្រោះបើអតិថិជនចង់ទិញផ្ទះ តែគ្មានប្រាក់គ្រប់គ្រាន់ នឹងត្រូវខ្ចីពីខាងធនាគារ ហើយបើធនាគារមិនឲ្យខ្ចី គឺមិនអាចមានចលនាទិញលក់បានទេ ដែលនោះធ្វើឲ្យគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនត្រូវជាប់គាំង។ តែពេលនេះ ក្រោយមានការចូលរួមពីស្ថាប័នជាច្រើនរួចមក វិស័យអចលនទ្រព្យ អាចនឹងងើបឡើងវិញកាន់តែប្រសើរក្នុងពេលឆាប់ៗ៕
អត្ថបទ៖ មេរ៉ា រូបភាព៖ ប្រអប់ខ្មៅ