អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកជំទាវ ជា សិរី បានចូលរួមកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងជួយសម្របសម្រួលបំណុលរបស់អតិថិជនដែលទិញផ្ទះពីបុរី អាចផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារវិញបាន។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ឲ្យដឹងថា ការចូលរួមប្រជុំនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយវិស័យអចលនទ្រព្យ ព្រមទាំងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រោមការដឹកនាំលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបានផ្លែផ្កា និងជួយសម្រួលបានទាំងខាងកូនបំណុល និងម្ចាស់បំណុល។
កិច្ចប្រជុំនោះ មានគោលបំណង សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ឲ្យអតិថិជនដែលបានខ្ចីពីម្ចាស់បុរី ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុល ទៅជាមួយគ្រឹះស្ថានធនាគារវិញក្នុងអាត្រាការប្រាក់មួយដែលទាបជាងខាងបុរី។ នោះមានន័យថា ធនាគារនឹងសងលុយទៅម្ចាស់បុរី ជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទៅឲ្យធនាគារវិញក្នុងលក្ខខ័ណធូរស្រាលជាងមុន។
នៅក្នុងកិច្ចសម្របសម្រួលនេះ នឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញ ដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជនឲ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ ឆ្នាំ ឬ ៣០ឆ្នាំ។
ការប្រជុំដ៏សំខាន់ដែលមានទាំងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជា សិរី លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខាងគណៈកម្មការប្រតិបត្តិនៃសមាគមអ្នកសាងសង់កម្ពុជា ផ្នែកអចលនទ្រព្យ និងផ្នែកពាក់ព័ន្ធជាច្រើនទៀត បានធ្វើឡើងកាលពីថ្ងៃ ៣ មករា ឆ្នាំ ២០២៥៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់