ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ សម្រាប់ពិនិត្យលទ្ធភាពក្នុងការស្នើហិរញ្ញប្បទាន ដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យក្នុងករណីចាំបាច់។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច ក្រុមការងារបច្ចេកទេសនេះដើម្បីសម្រួលការលើកលែងពន្ធ ការបន្ធូរបន្ថយពន្ធ ឬការដាក់ពន្ធជាបន្ទុករបស់រដ្ឋដោយធ្វើការវាយតម្លៃផលប៉ះពាល់លើចំណូលរដ្ឋ ដើម្បីជាមូលដ្ឋាននៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។
ក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ មានតួនាទីសម្របសម្រួល និងការពន្លឿនការរៀបចំបែបបទ និងការអនុម័តលើការស្នើសុំការលើកលែងពន្ធ ព្រមទាំងតាមដាន និងត្រួតពិនិត្យការអនុវត្តការអនុគ្រោះពន្ធ និងអាករផ្សេងៗដើម្បីធានាតម្លាភាព និងសុក្រឹតភាព។
ក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនេះ ក៏មានភារកិច្ចរិះរកវិធានការ និងកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នហិរញ្ញវត្ថុ ដើម្បីធានាអត្រាការប្រាក់សម្រាប់ទិញលំនៅឋានឲ្យស្របទៅនឹងលទ្ធភាពរបស់គ្រួសារមានប្រាក់ចំណូលទាប និងមធ្យម៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ សុខជា