គម្រោងសាងសង់ Peninsula Bay ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងដែលចំណាយដល់ ១ពាន់លានដុល្លារអាមេរិក។
ត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ សំណង់ Peninsula Bay តំបន់ B សម្រេចបាន ៨០ ភាគរយ តំបន់ A សម្រេចបាន ៣០ភាគរយ និងតំបន់ C សម្រេចបាន ៩០ភាគរយ ចំពោះសួននៅខាងមុខអគារសម្រេចបាន ៩៥ភាគរយ និងដាក់ឱ្យប្រើប្រាស់នៅខែកុម្ភៈខាងមុខ។
ក្នុងពេលចុះពិនិត្យគម្រោងសាងសង់នៅព្រឹកថ្ងៃទី២ មករានេះលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុន PENINSULA BAY INVESTMENT CO.,LTD ដែលបានបោះទុនវិនិយោគនៅខេត្តតំបន់ឆ្នេរ ដើម្បីជួយបង្កើតការងារ ក៏ដូចបង្កើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ចូលរួមកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនពន្លឿនការងារសាងសង់។ ទន្ទឹមនឹងការសាងសង់ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ដើម្បីធានាថា គម្រោងសាងសង់របស់ក្រុមហ៊ុនអនុត្តតាមលក្ខណៈស្តង់ដារត្រឹមត្រូវ មិនមានការបំពុលបរិស្ថាននៅជុំវិញ ហើយរដ្ឋបាលខេត្តគាំទ្រនូវគម្រោងសាងសង់របស់ក្រុមហ៊ុន និងរង់ចំជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាការងារសាងសង់របស់ក្រុមហ៊ុនមានភាពរលូនតាមការគ្រោងទុក។
លោក LAI XIAO BO Profeci Manager ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD បានឱ្យដឹងថា គម្រោងនេះចំណាយថវិកា ៥៧៤លានដុល្លាអាមេរិក និងតាមការវាយតម្លៃចុងក្រោយត្រូវចំណាយអស់ថវិកា ១ពាន់លានដុល្លាអាមេរិក ហើយនៅក្នុងគម្រោងសាងសង់យើងបានធ្វើការបែងចែកជា ៣តំបន់ គឺតំបន់ A.B.C តំបន់ B មានដូចជាអគារខុនដូរ អគារពាណិជ្ជកម្ម អាចសាងសង់ហើយរួចរាល់នៅចុងឆ្នាំ២០២៥។
លោកបន្តថា តំបន់ A មានដូចជា សណ្ឋាគារ និង HOTEL ស៊បភីមល និងកន្លែងកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការងារនៅឆ្នាំ២០២៨ ចំពោះតំបន់ C ជាផ្នែកខាងក្រោម យើងមានហាងលក់ទំនិញជាច្រើន ហើយក្រុមហ៊ុនបានធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុននៅប្រទេសបារាំង ដើម្បីនាំយកនូវផលិតផលប្រេនៗពីប្រទេសបារាំងយកដាក់លក់ ក្នុងនោះក៏មានសួនកម្សាន្តលំដាប់សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដោយឡែកហាងនៅមាត់សមុទ្រគ្រោងនឹងបើកនៅខែកុម្ភះខាងមុខ ក្រុមហ៊ុនបានធ្វើការវិនិយោគនៅលើផ្ទៃដី ១៥.៨ហិកតា ដែលមានអគាររហូតដល់ ៩០ម៉ឺនការ៉េ ផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណជា ៥ ០០០នាក់៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ