ចិនឯកភាព ពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ

ប្រទេសចិនជាសម្ព័ន្ធមិត្តដែកថែប ដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចលេចធ្លោមួយ និងមានអ្នកវិនិយោគមកបណ្តាក់ទុនឈរនៅលំដាប់ទី១នៅប្រទេសកម្ពុជា។ ក្រៅពីរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចស្នូររបស់កម្ពុជា ខេត្តព្រះសីហនុ ស្ទើរតែ៩០% ដែលមានវិនិយោគិនចិនកំពុងបណ្តាក់ទុននៅទីនោះ។

មុនវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល ក្រុមវិនិយោគិនចិនបាននឹងកំពុងរកស៊ីយ៉ាងច្រើននៅខេត្តព្រះសីហនុ ពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអចលនទ្រព្យ។ អំឡុងកើតជំងឺរាត្បាតកូវីដ១៩ និងការរឹតបន្តឹងការអនុវត្តច្បាប់គ្រប់គ្រងល្បែងអនឡាញ ក្រុមវិនិយោគិន និងភ្ញៀវទេសចរណ៍ចិន បានចាប់ផ្តើមត្រឡប់ទៅស្រុកវិញ ដោយបន្សល់ទុកហេដ្ឋារចនាសម្ព័ន្ធអគារពាណិជ្ជកម្ម សណ្ឋារគារ ខុនដូរមិនទាន់មានការសាងសង់ចប់ឈរជ្រោងឃើញតែគ្រោងដែក និងសរសរដុះស្និមពេញក្រុងព្រះសីហនុ។

តាមដានជាមួយយើង៖ Million Times

ដើម្បីស្រោចស្រង់អគារខ្មោច និងសកម្មភាពសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ទសាស្រ្តជាច្រើនសម្រួលឲ្យមានការសាងសង់ឡើងវិញ និងទាក់ទាញវិនិយោគិនចិនត្រឡប់មកវិនិយោគបន្ត។

ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានជជែកគ្នាច្រើនពាក់ព័ន្ធការពង្រឹងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រយុទ្ធប្រឆាំងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ជាដើម។

លោក វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងលើបណ្តាញសង្គមផ្ទាល់ខ្លួនថា លោក និងលោក ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ បានរៀបចំជំនួបពិភាក្សាប្រកបដោយផ្លែផ្កា។ លោកក៏បានអបអរសាទរ ខេត្តព្រះសីហនុ ដែលសម្រេចបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី ៤០០០ ដុល្លារ។

លោកបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយប្រទេសចិន រួមចំណែកជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រះសីហនុ។ ភ្ញៀវទេសចរចិនគឺជាចំនួនភ្ញៀវទេសចរបរទេសច្រើនជាងគេដែលមកទស្សនាខេត្តព្រះសីហនុ។

លោកថ្លែងថា៖ «ឯកឧត្តម ម៉ាង សុីណេត និងខ្ញុំបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ ដើម្បីធ្វើឲ្យខេត្តព្រះសីហនុក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតាមខេត្ត-ក្រុងរវាងប្រទេសទាំងពីរ»។

ក្រោយជំនួបជាមួយអភិបាលខេត្តព្រះសីហនុ លោក វ៉ាង វិនប៊ិន បានបន្តទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ លោកបានឲ្យដឹងថា ក្នុងរយៈពេល ១៦ឆ្នាំកន្លងមក តំបន់ពិសេសបានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ ប្រទេស បានបង្កើតឱកាសការងារជាង ៣០.០០០ សម្រាប់ប្រទេសកម្ពុជា ហើយបរិមាណនាំចូល និងនាំចេញប្រចាំឆ្នាំរបស់ខ្លួនមានចំនួន ៧% នៃចំនួនសរុបរបស់កម្ពុជា។

បើតាមលោកឯកអគ្គរដ្ឋទូត លោក Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។ សម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដូចជាកូនបង្កើតរបស់សម្ដេច ដែលសម្ដេចបង្កើតមកដោយផ្ទាល់ដៃ។

ទន្ទឹមជាមួយគ្នានេះ លោកជូនពរឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែប្រសើរឡើង និងក្លាយជាគំរូនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេក WANG WENBIN