កម្ពុជាយកខេត្តព្រះសីហនុ ជាគំរូក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ដង់ដាររួមតាមបែបទំនើប

អ្នកជំនាញបានមើលឃើញថា ការដែលរាជរដ្ឋាភិបាលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាការចាប់ផ្ដើមរបស់កម្ពុជាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ដង់ដាររួមតាមបែបទំនើប។

«ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។ នេះជាការអះអាងរបស់រាជរដ្ឋាភិបាល។

តាមដានជាមួយយើង៖ Million Times

នៅក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទិ១៧ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការដាក់ខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពហុបំណង» ដោយសារខេត្តនេះមានសក្ដានុពលច្រើន មានទីតាំងភូមិសាស្រ្តល្អ មានធនធានធម្មជាតិ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែ មានដីកសិកម្មមួយចំនួន ហើយអគារជាប់គាំងនេះក៏ជាធនធានរបស់ខេត្តផងដែរ គ្រាន់តែមិនទាន់បានកែច្នៃរួចរាល់។ 

លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ជាគម្រោងវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះទៅជា «មជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក» និងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្បីល្បាយមួយក្នុងអាស៊ាន ដែលមានរយៈពេល១៥ឆ្នាំសម្រាប់អភិវឌ្ឍ។

លោកថា គម្រោងនេះ នឹងអាចទាក់ទាញវិនិយោគិនពីវិស័យឯកជន និងដៃគូអភិវឌ្ឍប្រមាណជាង ២០ពាន់លានដុល្លារអាមេរិកហើយចំណូលរបស់ប្រជាពលរដ្ឋក្នុងគម្រោង១៥ឆ្នាំទៅមុខនេះ នឹងអាចឡើងដល់១ម៉ឺនដុល្លារជាងបើគិតជាមធ្យម។

ជាមួយគ្នានេះ ផែនការមេនេះមានចក្ខុវិស័យរយៈពេលវែងឆ្ងាយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាច្រកទ្វារអន្តរជាតិ, ប៉ូលអភិវឌ្ឍន៍ជាតិ, ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានផ្តោតលើ ២ដំណាក់កាល៖ ដំណាក់កាលទី  «២០២៥២០២៨»៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុ ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឲ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មី រួមទាំងការទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់។ និងដំណាក់កាលទី  «២០២៩២០៣៨»៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ-គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ ប្រកបដោយវិបុល-ភាព៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ