ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបប្រជុំជាមួយធនាគារធំៗក្នុងស្រុក ហើយសម្រេចឯកភាព ៣ ចំណុច

នៅ​ថ្ងៃ ១៩ ខែ​ធ្នូ ឆ្នាំ ២០២៤ ម្សិលមិញ​នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំ​ដោយ​លោក សាយ សំអាល់ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​​ធនាគារ​ធំ​ៗ​ក្នុង​ស្រុក បំណង​ស្វែង​រក​ការ​ឯកភាព លើ​គោលការណ៍​មួយ​ចំនួន។

តាមដានជាមួយយើង៖ Million Times

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​រៀបចំកិច្ចប្រជុំនេះ ដើម្បី​បាន​ជួប​ពិគ្រោះ​ពិភាក្សា​ការងារ​សំខាន់​ៗ​ទាក់ទង​វិស័យ​អលចនទ្រព្យនៅ​កម្ពុជា ហើយ​ពាក់ព័ន្ធ​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ។ វត្តមាន​​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះដូចជា អ្នកតំណាង​ធនាគារ​ជាតិ​នៃ​កម្ពុជា, ធនាគារ​អេស៊ីលីដា, ABA, PPCB, J Trust, RHB, First Commercial Bank, FTB, Agri-Bank, SBI LY HOUR Bank, និង​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា ក្នុង​គោល​បំណង​ស្វែង​រក​ការ​ឯកភាព​លើ​គោលការណ៍​មួយ​ចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​វិស័យ​លំនៅ​ឋាន និង​អចលន​ទ្រព្យ ដែល​កំពុង​មាន ជា​ពិសេស​ជួយ​សម្រួល​បន្ទុក​ហិរញ្ញវត្ថុ ដែល​ជា​កាតព្វកិច្ច​ក្នុង​ការ​ទិញ-លក់​លំនៅ​ឋាន របស់​បងប្អូន​ប្រជាពលរដ្ឋ។

ជា​លទ្ធផល តំណាង​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា បាន​គាំទ្រ​លើ​គោលការណ៍ និង​ឯកភាព​ដូច​ប៉ុន្មាន​ចំណុច​ខាងក្រោម៖

១. គាំទ្រ​គំនិត​ផ្ដួចផ្ដើម ក្នុង​ការ​បន្ធូរបន្ថយ​ការ​ប្រាក់​លើ​កម្ចី សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ឋាន និង​ទិញ​អចលនទ្រព្យ មក​ត្រឹម ៨% ក្នុង​មួយ​ឆ្នាំ ដែល​អត្រា​ការ​ប្រាក់​ថ្មី​នេះ នឹង​ផ្ដល់​ឲ្យ​អតិថិជន ទិញ​លំនៅ​ឋាន​នូវ​លទ្ធភាព​អនុវត្ត​កាតព្វកិច្ច​សង​ត្រឡប់ កាន់តែ​មាន​ភាព​ងាយស្រួល ដែល​នឹង​ផ្ដល់​ឲ្យ​អតិថិជន​ក៏​ដូចជា ស្ថាប័ន​ហិរញ្ញវត្ថុ បន្ត​ដំណើរ​ការ​ទូទាត់​កាន់តែ​មាន​សុវត្ថិភាព និង​ងាយ​ស្រួល។

២. កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប​លើ​វិស័យ​អចលនទ្រព្យ នឹង​កាត់​បន្ថយ​វិវាទ​ដែល​កើត​ឡើង ដោយសារ អតិថិជន​គ្មាន​លទ្ធភាព​បំពេញ​កាតព្វកិច្ច ហើយ​ការ​អនុវត្ត​គោលការណ៍ នឹង​ឈាន​ទៅ​បញ្ចប់​វិវាទ​បុរី ក៏​ដូច​ជា​ការ​បើក​ទំព័រ​ថ្មី សម្រាប់​ការ​ងើប​ឡើង​វិស័យ​អចលនទ្រព្យ និង​ការ​ទិញ​លក់​លំនៅ​ឋាន។

៣. ភាគី​ទាំងអស់​បាន​ឯកភាព​ថា នឹង​បន្ត​ជួប​ពិភាក្សា​លម្អិត​លើ​គោលការណ៍​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្នុង​ក្របខ័ណ្ឌ​ក្រុម​ការងារ​ផ្នែក​សំណង់ និង​អចលនទ្រព្យ “ឌ” វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន នា​ពេល​ខាង​មុខ ហើយ​ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណា​ដែល​មាន​លទ្ធភាព​អនុវត្ត​បាន នឹង​ចាប់ផ្ដើម​អនុវត្ត​គោលការណ៍​ថ្មី​នេះ​ជា​បណ្ដើរ​ៗ។

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ មាន​សារសំខាន់​ក្នុង​ការ​កំណត់​យន្តការ សម្រួល​ដល់​ដំណើរការ និង​សុវត្ថិភាព របស់​ឧស្សាហកម្ម​អចលនទ្រព្យ ដែល​ជា​ប្រភព​ផ្ដល់​ឱកាស​ការងារ និង​កម្រៃ​ជូន​ប្រជាជន​បាន​ច្រើន ពិសេស​សម្របសម្រួល​រក​ដំណោះស្រាយ​ជាក់ស្ដែង សម្រាប់​ប្រជាជន​មាន​លំនៅឋាន​សមរម្យ ជីវភាព​ល្អ​ប្រសើរ បន្ត​រក្សា​បរិយាកាស​គ្មាន​វិវាទ​នៅ​ក្នុង​សង្គម ធានា​ដល់​ដំណើរ​ការ​ឧស្សាហកម្ម​អចលនទ្រព្យ, ឧស្សាហកម្ម​ប្រាក់កម្ចី, និង​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​ប្រទេស​កម្ពុជា ជា​រួម៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់