រដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីចំនួន ២រូប គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក K Shanmugam និងរដ្ឋមន្ត្រីក្រសួងថាមពល លោក Tan See Leng បាននិយាយថា ពួកលោកនឹងប្ដឹងទីភ្នាក់ងារព័ត៌មាន Bloomberg ជុំវិញការចេញផ្សាយអត្ថបទមួយ ដោយចោទពួកលោកថា បានប្រើអំណាចទិញអចលនទ្រព្យផ្ដាច់មុខក្នុងប្រទេស។
សារព័ត៌មាន Bloomberg ធ្លាប់ចេញផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «កិច្ចព្រមព្រៀងទិញលក់អចលនទ្រព្យនៅសិង្ហបុរី ត្រូវបានលាក់បាំងសំងាត់ជាងមុន» ដោយក្នុងអត្ថបទមួយនោះ ពួកគេបានបានសរសេរថា អចលនទ្រព្យថ្លៃៗមួយចំនួន មិនមានឯកសារទិញលក់ត្រឹមត្រូវ ហើយភាគច្រើនអតិថិជនប្រើឈ្មោះក្លែងក្លាយ ឬក៏សំបកក្រុមហ៊ុនដើម្បីទិញ និងមានមន្ត្រីធំៗចាំជួយកាងពីក្រោយ។
ក្នុងអត្ថបទមួយនោះ ទីភ្នាក់ងារព័ត៌មាន Bloomberg មិនបានបញ្ចេញឈ្មោះរដ្ឋមន្ត្រីរូបណាឡើយ ដោយគ្រាន់តែបង្ហើបថា មានមន្ត្រីធំៗចំនួន ២រូបជាអ្នកនៅពីក្រោយ និងចាំជួយសម្រួលការរត់ឯកសារ។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក K Shanmugam និងរដ្ឋមន្ត្រីក្រសួងថាមពល លោក Tan See Leng បានមានប្រសាសន៍ថា ការចេញផ្សាយអត្ថបទរបស់ Bloomberg គឺគ្មានការស្រាវជ្រាវច្បាស់លាស់ ហើយលោកចាត់ទុកវាថា ជាការប្រមាថធ្ងន់ធ្ងរ និងត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់។
គួររំលឹកបន្តិចថា លោក Shanmugam កាលពីឆ្នាំ២០២៣ ធ្លាប់ឡើងតុលាការ ដោះស្រាយរឿងក្ដីក្ដាំទាក់ទងនឹងអចលនទ្រព្យមួយករណីផងដែរ។ ពេលនោះលោករងការចោទប្រកាន់ថា លោកបានដាក់ជួលផ្ទះ ក្នុងតម្លៃថ្លៃហួសហេតុ និងមិនបានបង់ថ្លៃសេវាកម្ម ដល់ទីភ្នាក់ងារជួល ក៏ប៉ុន្តែឆ្លងកាត់ការស្រាវជ្រាវ និងស៊ើបអង្កេត តុលាការសម្រេចកាត់ក្ដីថា រដ្ឋមន្ត្រីរូបនេះមិនបានធ្វើខុសឡើយ ពោលគឺលោករកស៊ីត្រឹមត្រូវ និងគោរពតាមច្បាប់ប៉ុណ្ណោះ៕
អត្ថបទ៖ Luffy រូបភាព៖ SCMP