តារាហុងកុងអាចែ ប្រកាសលក់ផ្ទះវីឡាបញ្ចុះតម្លៃជាង ៣លានដុល្លារ

តារាសម្ដែងហុងកុង Chow Yun Fat ដែលប្រជាជនកម្ពុជានិយមហៅថា អាចែ បានប្រកាសលក់ផ្ទះវីឡាលើកំពូលភ្នំ ដោយបញ្ចុះតម្លៃ ២៥លានដុល្លារហុងកុង ឬប្រហែល ៣,២លានដុល្លារពីតម្លៃដើម។

កាសែតហុងកុង Hong Kong Commercial Daily បានចុះផ្សាយថា វីឡារបស់លោក Chow គឺមានឈ្មោះថា Sunshine Garden ដែលលោកបានទិញកាលពីឆ្នាំ២០១០ ក្នុងតម្លៃ ១២៨លានដុល្លារហុងកុង តែក្រោយមកដាក់លក់វិញក្នុងឆ្នាំ២០២២ តម្លៃ២២០លានដុល្លារហុងកុង ហើយបច្ចុប្បន្នបានបញ្ចុះតម្លៃនៅត្រឹម ១៩៥លានដុល្លារហុងកុងប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

វីឡាដ៏ធំស្កឹមស្កៃនេះ មានផ្ទៃក្រឡាសរុប ២៣៦ម៉ែត្រការ៉េ រាប់បញ្ចូលទាំងសួនផ្កាទំហំ ១៨៦ម៉ែត្រការ៉េនៅជាប់នោះផងដែរ។ លោក Chow មិនដែលបានស្នាក់នៅ ឬជួលវីឡាមួយនេះឡើយ តាំងពីលោកបានទិញវាក្នុងឆ្នាំ២០១០មក។

លោក Chow Yun Fat ឬអាចែ គឺជាតារាសម្ដែងហុងកុងជួរមុខមួយរូប ដែលគេស្គាល់ថាជាបុគ្គលចូលចិត្តសន្សំអចលនទ្រព្យផងដែរ ដោយបច្ចុប្បន្នលោកមានអចលនទ្រព្យយ៉ាងតិច ៧កន្លែង សរុបជាសាច់ប្រាក់ច្រើនជាង ១ពាន់លានដុល្លារហុងកុង។ ប៉ុន្តែស្ថានភាពទីផ្សារអចលនទ្រព្យនៅហុងកុងកំពុងយ៉ាប់យ៉ឺន បង្ខំឲ្យរូបលោកត្រូវលក់អចលនទ្រព្យចេញខ្លះ ដើម្បីយកលុយទុកសម្រាប់ទប់ទល់បញ្ហាពេលក្រោយ៕

អត្ថបទ៖ Luffy រូបភាព៖ The Star