ក្រោយដាក់ចេញគោលការណ៍ជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ២៤២គម្រោង ក្នុងនោះគម្រោងដែលទទួលបានការអនុម័តចំនួន ២១៥គម្រោង ជាមួយទំហំទុនជាង ៦ពាន់លានដុល្លារ។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងសណ្ឋាគារក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេត ខេមបូឌា និងសណ្ឋាគារ រីស៊ត ធួយប៊្លូ កាលពីថ្ងៃទី១០ ខែធ្នូបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាលទ្ធផលក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹក ចិត្តចំនួន ២៤២គម្រោង ក្នុងនោះគម្រោងដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ចំនួន ២១៥គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ៦ពាន់លានដុល្លារ (៦.០២៦.១០១.២០០ដុល្លារ) ដោយឡែកនៅសល់ ២៤គម្រោងទៀត គឺស្ថិតនៅក្នុងការពិនិត្យ និងវាយតម្លៃ។
លោកបន្តថា អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ១០គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ១៤លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២៤ មានចំនួន ៣គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧លានដុល្លារអាមេរិក។
សូមជម្រាបថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមឆ្នាំ នឹងផ្តល់នូវអត្ថប្រយោជន៍ពិសេសចំនួន៣ ជូនទៅអ្នកវិនិយោគ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងខេត្តព្រះសីហនុ រួមមាន៖ ទី១.គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ទី២. គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និងទី៣. ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច។
លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា ខេត្តព្រះសីហនុ បានកំពុងយកចិត្តទុកដាក់អភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹក សាធារណៈ សួនច្បារ និងកំពង់ផែទេសចរណ៍ស្តង់ដា សេវាកម្មទេសចរណ៍ ពិសេសពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ភស្តុភារកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុអន្តរជាតិ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ