រដ្ឋបាលក្រុងអរិយក្សត្រ និងក្រុមហ៊ុន ឃុន សៀ អឹមផត អិចផត របស់អ្នកឧកញ៉ា ឃុន សៀ នឹងស្ថាបនាជួសជុល ពង្រីកផ្លូវ ទំហំទទឹង២០ម៉ែត្រ និងបណ្តោយ ២.៣០០ម៉ែត្រ ដែលមានទីតាំងចាប់ពីចំណុចកែងផ្លូវបេតុងកំពង់ចម្លងអរិយក្សត្រ ដល់ទីក្រុងរណបថ្មី ដែលបើកការដ្ឋានឆាប់ៗខាងមុខ។
សេចក្តីជូនដំណឹងរបស់លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានឲ្យដឹងថា ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាព និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពល្អប្រសើរ និងដើម្បីសម្រួល ដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួលជាងមុន រដ្ឋបាលក្រុងអរិយក្សត្រ និងសហការជាមួយក្រុមហ៊ុន ឃុន សៀ អឹមផត អិចផត ដើម្បីជួលជុល និងពង្រីកផ្លូវបេតុងចាប់ពីចំណុចកែងផ្លូវបេតុងកំពង់ចម្លង អរិយក្សត្រ ស្ថិតក្នុងភូមិអរិយក្សត្រ រហូតដល់ភូមិខ្សាច់ សង្កាត់អរិយក្សត្រ។
រដ្ឋបាលក្រុងអរិយក្សត្រ សង្ឃឹមនឹងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការស្ថាបនាផ្លូវនេះ ឬធ្វើ ដំណើរឆ្លងកាត់ទីតាំងការដ្ឋានខាងលើ នឹងចូលរួមសហការជាមួយរដ្ឋបាលក្រុងអរិយក្សត្រ ដើម្បីឱ្យការងារស្ថាបនា ទទួលបានជោគជ័យជូនសាធារណជនបានប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខ។
ការប្រកាសបន្តជួសជុល និងពង្រីកផ្លូវជាង ២គីឡូម៉ែត្រដែលជាសហការរវាងក្រុមហ៊ុនអ្នកឧកញ៉ា ឃុន សៀ និងរដ្ឋបាលក្រុងអរិយក្សត្រ ធ្វើឡើងបន្ទាប់ពីក្រុងរណបថ្មីមួយត្រៀមចាប់ផ្តើមសាងសង់ឆាប់ៗខាងមុខនេះលាតសន្ឋឹងលើផ្ទៃដី៧៥ហិកតា ខណៈគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៣ខ្សែ នៅតំបន់អភិវឌ្ឍន៍ក្រុងរណបក្រុងអរិយក្សត្រ កំពុងដំណើរការសាងសង់ជិតបញ្ចប់ឲ្យទាន់ថ្ងៃបើកការដ្ឋានសាងសង់ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលក្រុងអរិយក្សត្រ