រដ្ឋាភិបាលសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយវិស័យអចលនទ្រព្យដែលមានលក្ខណៈបុរី

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី ក្នុងនោះសម្រាប់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ គឺត្រូវលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ និងអ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម ២១ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥។

ក្នុងពិធី«បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» កាលថ្ងៃអង្គារម្សិលមិញ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ប្រជាជនដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី និងត្រៀមជាម្ចាស់អចលនទ្រព្យថ្មីក្នុងបុរី៖ ទី ១/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាសលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីនិងមានតម្លៃក្រោម ៧ម៉ឺនដុល្លារ និងទី២/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី សម្រាប់ម្ចាស់អចលនទ្រព្យក្នុងបុរីដែលជាអ្នកទិញលើកដំបូង និងមានតម្លៃក្រោម២១ម៉ឺនដុល្លារ។

តាមដានជាមួយយើង៖ Million Times

ការសម្រេចផ្តល់គោលការណ៍ដើម្បីជួយលើវិស័យអចលនទ្រព្យដែលមានលក្ខណៈជាបុរីនៅពេលនេះ បន្ទាប់ពីវិស័យមួយនេះទទួលរងគ្រោះនូវបញ្ហាផ្ទួនៗ គឺដោយសារវិបត្តិកូវីដ១៩ បញ្ហាសង្គ្រាម និងវិបត្តិសេដ្ឋកិច្ចពិភពលោក។ ការណ៍នេះបានជះឥទ្ធិពលការអភិវឌ្ឍន៍បុរី ខណៈដែលបញ្ហាកើតឡើងបន្តបន្ទាប់រវាងម្ចាស់បុរីជាមួយអតិថិជន ម្ចាស់ជាម្ចាស់ជាមួយដៃគូដទៃទៀត។ 

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកដែលមានបញ្ហាជាមួយគម្រោងបុរីនានា សូមបន្តអត់ធ្មត់ និងបន្តដោះស្រាយដោយសន្តិភាព ជាជាងការមិនព្រមចរចាដោះស្រាយ ដែលប៉ះពាល់ដល់ផលប្រយោជន៍ទាំងសងខាង។ សម្តេចបានថ្លែងបញ្ជាក់ថា បញ្ហានៅតាមបុរី កើតឡើងដោយសារការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ច។ ទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាអ្នករងគ្រោះដូចគ្នា ដូច្នេះការបន្តរួមគ្នាដោះស្រាយបញ្ហា គឺជាការចាំបាច់។

សម្តេចបន្ថែមថា ដើម្បីរក្សាវិស័យអចលនទ្រព្យ រដ្ឋត្រូវជួយអ្នកវិនិយោគ ដែលជាម្ចាស់បុរីដែលធ្វើពិតប្រាកដ មានឆន្ទះដោះស្រាយពិតប្រាកដ រកដំណោះស្រាយជូនអតិថិជនដែលជាប់បញ្ហា ចំពោះអ្នកដែលមិនទទួលខុសត្រូវ ត្រូវប្រឈមចំពោះច្បាប់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី