សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ រយៈពេល ១៥ ខែនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានធ្វើការច្រើនលើការដោះស្រាយបញ្ហាដីធ្លីនេះ ហើយករណីបញ្ហាដីធ្លីនេះ គឺជាបញ្ហាក្ដៅដែលទាមទារឱ្យមានការដោះស្រាយដោយមានការប្រុងប្រយ័ត្នបំផុត។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាវិវាទដីធ្លី រាជរដ្ឋាភិបាលបានកំណត់បញ្ហាពីដើមទីនៃអាណត្តិទី៧នេះ ក្នុងការដោះស្រាយ ដែលក្នុងនោះបញ្ហាធំជាគេ គឺការកំណត់ព្រំប្រទល់ដីមិនទាន់មានភាពច្បាស់លាស់។
សម្ដេចថ្លែងបញ្ជាក់ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី គឺត្រូវអនុវត្តតាមវិធីសាស្រ្ដចំនួនពីរ គឺទីមួយត្រូវដោះបញ្ហាចំពោះមុខ ទីពីរដោះស្រាយដោយត្រូវកំណត់យុទ្ធសាស្រ្ដដោះបញ្ហារយៈពេលវែង ដើម្បីឈានទៅដោះស្រាយឱ្យទទួលបានជោគជ័យ ខណៈមកដល់បច្ចុប្បន្នកំពុងមានវិវាទដីធ្លីនេះជាង ១ម៉ឺនករណី។
ទន្ទឹមនឹងនេះ សម្ដេចក៏ស្នើឲ្យសាធារណជនពិនិត្យមើលលើបញ្ហាជម្លោះដីធ្លីជាពិសេសតាមបណ្ដាញសង្គមនានា ថាតើនៅក្នុងរយៈពេល ១៥ ខែមុន និង ១៥ ខែក្រោយ បានថយចុះកម្រិតណា។ សម្ដេចបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឱ្យជម្លោះដីធ្លីបានថយចុះជាលំដាប់។
សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់គោលដៅពង្រឹង និងជំរុញក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនេះឱ្យបានចប់រួចរាល់ទាំងស្រុង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងរៀបចំដែនដី