កាលពីថ្ងៃ ២៤ ខែវិច្ឆិកា កន្លងទៅ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឬHousing Development Association of Cambodia ដែលហៅកាត់ HDAC បានបើកការប្រជុំបន្ទាន់មួយ លើប្រធានបទ វិស័យអចលនទ្រព្យនៅកម្ពុជា” ដែលដឹកនាំប្រជុំដោយមហាសេដ្ឋី លី ហួរ។
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា សមាគមជាច្រើនក្រុមហ៊ុន កិច្ចប្រជុំបានប្រារព្ធនៅទីស្នាក់ការការិយាល័យសមាគម។ ក្រុមហ៊ុន លី ហួរ គ្រុប បានបញ្ជាក់ថា កិច្ចប្រជុំបន្ទាន់ខាងលើនេះ បានរៀបចំឡើង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនជាសមាជិក។
កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈជាច្រើនដូច បញ្ហាប្រឈមនានាក្នុងវិស័យអចលនទ្រព្យ, ប្រភពឥណទានពីធនាគារពាណិជ្ជ,សំណូមពរផ្សេងៗសមាជិក។ ក្រោយចប់ការប្រជុំពិភាក្សា នៅមានការទទួលទានអាហារសាមគ្គីថែមទៀតផង។
លោកប្រធាននៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់ទៅដោយលទ្ធផលល្អ និងផ្លែផ្កា ព្រមទាំងទទួលយកសំណូមពរទៅពិភាក្សាបន្តជាមួយស្ថាប័នពាក់ព័ន្ធ។
ជាចុងក្រោយនៃកិច្ចប្រជុំអ្នកមានកំពូលផ្នែកអចលនទ្រព្យលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម ថ្លែងអំណរគុណជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា ទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ៕
អត្ថបទ៖ មេរ៉ា, រូបភាព HDAC