លោក សាយ សំអាល់ បង្ហាញនូវសមរភូមិចំនួន៥របស់ក្រសួងរៀបចំដែនដីកំពុងអនុវត្ត

លោក សាយ សំអាល់ បង្ហាញនូវសមរភូមិចំនួន៥របស់ក្រសួងរៀបចំដែនដីកំពុងអនុវត្ត

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចូលរួមថ្លែងបាឋកថាស្តីពីគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ដល់កម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល ដោយបានបញ្ជាក់នូវសមរភូមិសំខាន់ៗរបស់ក្រសួងរៀបចំដែនដីកំពុងអនុវត្ត។

សមរភូមិទាំង៥របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់នាថ្ងៃទី១៩ ខែកញ្ញានេះរួមមាន៖

តាមដានជាមួយយើង៖ Million Times

សមរភូមិទី១៖ ធានានិរន្តភាពដំណើរការរបស់ក្រសួង ជ្រោងទង់សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដំណើរការស្ថាប័ន ធនធានមនុស្ស និងធានាហិរញ្ញវត្ថុសាធារណៈ។

សមរភូមិទី២៖ ដោះស្រាយភាពចម្រូងចម្រាសក្នុងសង្គមតាមរយៈការចុះបញ្ជីដីបង្ហើយ ដោះស្រាយវិវាទដីធ្លី សេវាសាធារណៈគាប់ចិត្ត ដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាបអង្គរ និងដោះស្រាយវិវាទតាមបុរី។

សមរភូមិទី៣៖ ពូនជ្រំរដ្ឋបាលសាធារណៈវាងវៃ និងឆ្លាតវៃ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័ន ការលើកទឹកចិត្តមន្ត្រី និងគ្រប់គ្រងថវិកាហិរញ្ញវត្ថុ និងការរៀបចំគោលនយោបាយ ច្បាប់ បទបញ្ញតិ និងលិខិតបទដ្ឋានគតិយុត្តិ។

សមរភូមិទី៤៖ កម្ពុជាមាតុភូមិខ្ញុំ។ ការរៀបចំដែនដី៖ កម្ពុជាមាតុភូមិខ្ញុំ ផ្អែកលើសក្តានុពលសេដ្ឋកិច្ច។ ការរៀបចំនគរូបនីយកម្ម៖ បុរីជនបទ (ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ) ភូមិឋានក្សេមក្សាន្ត (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងភាពស៊ីវិល័យរបស់ប្រជាជន បញ្ញាវន្តភាព ភាពចេះដឹង) និងទ្រនំសុភមង្គល (ការរៀបចំផ្ទះ ទំនាក់ទំនងឪពុកមា្តយកូន ទំនៀមទំលាប់ល្អ)។

សមរភូមិទី៥៖ ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា៖ សុវត្ថិភាព និងគុណភាពសំណង់។ កម្ពុជារុងរឿង៖ ផ្តោតលើឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មគ្រឿងលម្អ។

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងរៀបចំដែនដី