មេក្រុមហ៊ុនអចលនទ្រព្យវៀតណាមម្នាក់អស់សិទ្ធិហោះចេញពីប្រទេសកំណើត

មេក្រុមហ៊ុនអចលនទ្រព្យវៀតណាមម្នាក់អស់សិទ្ធិហោះចេញពីប្រទេសកំណើត

លោក Truong Anh Tuan ប្រធានក្រុមហ៊ុនអចលនទ្រព្យ Hoang Quan ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសជាដាច់ខាត ដោយសារតែក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលោកជំពាក់បំណុលពន្ធចំនួន ៦.១ ពាន់លានដុង (២៤០,៨០០ ដុល្លារអាមេរិក) ។

យោងតាមនាយកដ្ឋានពន្ធបានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Hoang Quan Can Tho ដែលអភិវឌ្ឍលើគម្រោងអចលនទ្រព្យចំនួន ៧ នៅទីក្រុង Can Tho ចាំបាច់ត្រូវបង់ពន្ធឱ្យបានពេញថ្លៃ ទើបអាចឲ្យលោក Anh Tuan អាចហោះហើរទៅក្រៅប្រទេសម្តងទៀត ។

នេះ​ជា​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរជា​លើក​ទី ២ ហើយ​ដែល​បាន​ដាក់​លើលោក Anh Tuan នៅក្នុង​ឆ្នាំ​នេះ ។ កាល​ពី​ខែ​មុន ប្រធានក្រុមហ៊ុនវ័យ ៦១ ឆ្នាំក៏​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចាកចេញ​ពីប្រទេសកំណើតផងដែរ ក្រោម​ហេតុផល​ដូច​គ្នានេះ ដោយ​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ទៀត​ឈ្មោះ Hoang Quan Mekong ជា​អ្នកជាប់ចោទ ប៉ុន្តែបម្រាម​នេះ​ត្រូវ​បាន​ដក​ចេញ​វិញនៅ​ថ្ងៃ​ទី១៩ ខែ​មិថុនា ។ យ៉ាងណា​បម្រាម​ថ្មីក៏កើមានភ្លាមៗផងដែរ​នៅ​ថ្ងៃ​ដដែលនោះ ។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន Hoang Quan ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានរាប់ពាន់ខ្នងនៅភាគខាងត្បូងប្រទេសវៀតណាម ប៉ុន្តែបានជួបការលំបាកក្នុងការស្វែងរកទុនបម្រុងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ។

ទោះយ៉ាងណាថ្មីៗនេះ ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Novaland ហើយសង្ឃឹមថា នឹងបញ្ចប់ការសាងសង់លំនៅដ្ឋានចំនួន ៣,០០០ ខ្នងនៅឆ្នាំនេះ ជាមួយនឹងគោលដៅកើបប្រាក់ចំណូលចំនួន ២ ពាន់ពាន់លានដុង ដែលជាការកើនឡើងជិត ៧ ដង ចាប់ពីឆ្នាំ ២០២៣ មក ។

សូមជម្រាបថា ក្នុង​ឆមាស​ទី​មួយ​នៃឆ្នាំ ២០២៤ ​នេះ មនុស្ស​ជិត ១,៥០០ នាក់​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស ​ដោយ​សារ​តែ​បំណុល​ពន្ធ ។ យ៉ាងណា ក្រោយមកអ្នកទាំងនោះបានយល់ព្រមបង់ប្រាក់ចំនួន ៩២០ ពាន់លានដុង ទើបបានរួចខ្លួន ៕

បកប្រែ ៖ ទីន