រាល់ការប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ ត្រូវមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

រាល់ការប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ ត្រូវមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.)។ នេះបើយោងតាមសេចក្ដីជូនដំណឹង ស្ដីពី កាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន នៅថ្ងៃទី ១២ ខែកក្កដានេះ។

ការជូនដំណឹងបែបនេះ បន្ទាប់ពីមានមានគណនីហ្វេសប៊ុកចំនួន ៤ ដែលធ្វើអាជីវកម្មភ្នាក់ងារអចលនវត្ថុ និងគម្រោង Condoមួយកន្លែង ត្រូវបានបញ្ជាក់ថា បាននិងកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ឡើយ។

ន.អ.ប. បានបញ្ជាក់ថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារ សហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគ ដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពី ន.អ.ប.។

ប្រភពដដែល បានបញ្ជាក់ទៀតថា «ដូច្នេះ ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន»។

ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកប​ដោយសុចរិត និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ដែលប្រកប អាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប. ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណនៅអគារ អ.ស.ហ. លេខ១ ៦៨F ជាន់ទី ៧ ផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

អត្ថបទ៖ វីរៈ រូបភាព៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

តាមដានជាមួយយើង៖ Million Times