លុបចោលគោលការណ៍អនុញ្ញាតគម្រោងអភិវឌ្ឍ នៅតំបន់អន្ទង់អាំង (ភ្នំ១ ៥០០) ចំនួន ៤គម្រោង ដើម្បីប្រែក្លាយជាតំបន់បៃតង

លុបចោលគោលការណ៍អនុញ្ញាតគម្រោងអភិវឌ្ឍ នៅតំបន់អន្ទង់អាំង (ភ្នំ១ ៥០០) ចំនួន ៤គម្រោង ដើម្បីប្រែក្លាយជាតំបន់បៃតង

រាជរដ្ឋាភិបាល បានសម្រេចលុបចោលគោលការណ៍អនុញ្ញាតគម្រោងអភិវឌ្ឍ នៅតំបន់អន្ទង់អាំង (ភ្នំ១ ៥០០) នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន ៤គម្រោង ដើម្បីប្រែក្លាយតំបន់នេះទៅជាតំបន់បៃតង។ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលផ្សព្វផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ការសម្រេចនេះ គឺយោងតាមចំណារដ៏របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤។

លិខិតដដែល បានឲ្យដឹងបន្តថា រាជរដ្ឋាភិបាលឯកភាពអនុញ្ញាត ឲ្យរដ្ឋបាលខេត្តពោធិ៍សាត់ពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលើកសំណើជាក់ស្តែង លើការប្រើប្រាស់ថវិកាជាតិគាំទ្រដល់កងកម្លាំងចម្រុះ ដែលកំពុងឈរជើងតាមទីតាំងដែលបានឃ្លុំ និងបន្តអនុវត្តការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រ ស្រុកវាលវែង់ និងស្រុកភ្នំក្រវាញសម្រាប់រយៈពេល ១ឆ្នាំ។

ចំណែកឯការដោះស្រាយបញ្ហាតំបន់អន្ទង់អាំង ឲ្យក្លាយជាតំបន់បៃតងរួមមាន៖ លុបគោលការណ៍អនុញ្ញាតគម្រោងអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូចរបស់លោកស្រី គឺ សុនីតា ដោយសម្បទាននិកលះបង់ និងប្រគល់ជូនរដ្ឋវិញដោយស្ម័គ្រចិត្ត។ លុបគោលការណ៍អនុញ្ញាតគម្រោងអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច របស់លោកស្រី ស៊ឹង សុខអាងទាំង ៣គម្រោង ដោយផ្តល់ដី ២០ហិកតា នៅទីតាំងថ្មីដូចប្រជាពលរដ្ឋផ្សេងទៀត ដែលព្រមទទួលគោលនយោបាយ ដោយសារលោកស្រី ស៊ឹង សុខអាង បានវិនិយោគអស់ថវិកាជាច្រើនលើទីតាំងបច្ចុប្បន្នរួចហើយ ប្រសិនបើសុខចិត្តប្រគល់ហេដ្ឋារចនាសម្ព័ន្ធ មានស្រាប់ទុកជាប្រយោជន៍សាធារណៈ។

ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតផ្តល់គោលនយោបាយដីធ្លី (កំណត់ជាតំបន់សហគមន៍ ដោយអនុក្រឹត្យ) លើផ្ទៃដីដែលមានទំហំសរុប ១១៥,០៤ហិកតា (មួយរយដប់ប្រាំហិកតា និងបួនអា) ស្ថិតនៅចំណុចអូរទី ២ ក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលក្នុងនោះ ទំហំដី ១០៧,៦៧ហិកតា (មួយរយប្រាំពីរហិកតា និងហុកសិបប្រាំពីរអា) សម្រាប់ផ្តល់ជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋ ៦៧គ្រួសារ ដែលយល់ព្រមចាកចេញ និងដីនៅសល់ទំហំ ៧,៣៧ហិកតា (ប្រាំពីរហិកតា និងសាមសិបប្រាំពីរអា) សម្រាប់គ្រោងរៀបចំធ្វើផ្លូវ ប្រព័ន្ធ ប្រឡាយ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

បន្ថែមលើនេះទៀត រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតផ្តល់គោលនយោបាយដីធ្លី ៥៩,៩៦ហិកតា (ហាសិបប្រាំបួនហិកតា និងកៅសិប ប្រាំមួយអា) រួមបញ្ចូលទាំងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបន្ថែម ស្ថិតនៅចំណុចអូរទី ២ ត្រៀមសម្រាប់ប្រជាពលរដ្ឋ ៣១គ្រួសារ និងលោកស្រី ស៊ឹង សុខអាង ក្នុងករណីយល់ ព្រមស្នើសុំគោលនយោបាយដីធ្លីពីរាជរដ្ឋាភិបាល និងផ្តល់សិទ្ធិឲ្យរដ្ឋបាលខេត្តពោធិ៍សាត់ ដោះស្រាយផ្ទាល់តែម្តង។

លើសពីនេះទៀត រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតផ្តល់គោលការណ៍ជូនប្រជាព វាលការណ៍ជូនប្រជាពលរដ្ឋ ៥គ្រួសារ បន្តប្រមូលផលទុរេនរយៈពេល ៣ ឆ្នាំ ដើម្បីរំលោះទុនដែលបានវិនិយោគ ដោយត្រូវចូលរួមដាំដើមឈើនៅចន្លោះដីដែល គ្មានដំណាំ និងមិនត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែម ប៉ុន្តែអាចកាន់កាប់ដី និងអាស្រ័យផលនៅទីតាំងថ្មីជាបណ្តោះអាសន្ន លុះត្រាបោះបង់ទីតាំងចាស់ ទើបមានសិទ្ធិ ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងថ្មីបាន។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រើប្រាស់ថវិកាជាតិជាលក្ខណៈប្រញាប់ សម្រាប់ សាងសង់ផ្លូវកៅស៊ូប្រវែង ៦គីឡូម៉ែត្រ ភ្ជាប់ជាមួយលូប្រអប់ ឬទំនប់បង្កៀរចំនួន ២កន្លែង។ អនុញ្ញាតឱ្យអគ្គិសនីកម្ពុជា ជាលក្ខណៈប្រញាប់ រៀបចំប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមផ្លូវ ចូល និងនៅក្នុងទីតាំងដីស្នើសុំ ហើយក៏បានអនុញ្ញាតឲ្យមានការរៀបចំប្រព័ន្ធទឹកស្អាតប្រើប្រាស់ នៅក្នុងទីតាំងថ្មីដោយក្រុមហ៊ុនផ្គត់ផ្គង់ ទឹកស្អាត។

ចុងក្រោយ រាជរដ្ឋាភិបាល ក៏បានតម្រូវឲ្យក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលដោយក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានលើកផែនការ និងកៀរគរធនធាន ដើម្បីស្តារនិង ថែរក្សាតំបន់អន្ទង់អាំងទៅជាតំបន់បៃតង សម្រាប់បម្រើប្រយោជន៍សាធារណៈតរៀងទៅ ដោយមានរបាយការណ៍ជាប្រចាំជូនរាជរដ្ឋាភិបាល ហើយក៏បានប្រគល់ភារកិច្ចជូនក្រុមការងារដឹកនាំដោយលោក កែវ រតនៈ បន្តសម្របសម្រួលកិច្ចការនេះរហូតដល់ចប់សព្វគ្រប់៕

អត្ថបទ៖ វីរៈ រូបភាព៖​ បណ្ដាញសង្គម

តាមដានជាមួយយើង៖ Million Times