ភាពចាស់ទ្រុឌទ្រោម តម្លៃខ្ពស់ហួសហេតុ និងការដាក់លក់មិនត្រូវពេលវេលា គឺជាឫសគល់ខ្លះៗដែលទាញឱ្យអចលទ្រព្យរបស់អ្នកមិនស្ថិតក្នុងក្រសែភ្នែកអ្នកទិញ ។ ការលក់ផ្ទះមើលទៅហាក់ដូចជារឿងសាមញ្ញ ប៉ុន្តែវាក៏ធ្វើឱ្យអ្នកឈឺក្បាលផងដែរ ប្រសិនបើទីផ្សារអចលនទ្រព្យកំពុងជួបវិបត្តិ ។
យោងតាមក្រុមហ៊ុនអចលនទ្រព្យ HomeLight មានហេតុផលចំនួន ៥ នៅពីក្រោយបញ្ហាចាក់ស្រែះបែបនេះ ៖
១. ការកំណត់តម្លៃខ្ពស់ហួសហេតុ
អ្នកជំនាញអចលនទ្រព្យលោក Alex Adabashi បានព្រមានថា តម្លៃអចលនទ្រព្យខ្ពស់ហួសហេតុពេកអាចបង្អាក់ចិត្តអ្នកទិញ បើទោះជាទីផ្សារកំពុងត្រូវប៉ាន់ក៏ដោយ ។ លោកបានបន្តថា អ្នកលក់ច្រើនតែចូលចិត្តដាក់តម្លៃខ្ពស់ដើម្បីទុកឱ្យអ្នកទិញតថ្លៃ ប៉ុន្តែទង្វើនេះក៏អាចឱ្យអ្នកទិញអស់អារម្មណ៍ផងដែរ ។
ម្ចាស់ផ្ទះគួរតែពិគ្រោះយោបល់ជាមួយភ្នាក់ងារអចលនវត្ថុ ឬអ្នកជំនាញដើម្បីដាក់តម្លៃផ្ទះឱ្យសមរម្យងាយស្រួលដល់អ្នកទិញក្នុងការចរចាតម្លៃឡើងចុះបន្ថែម ។
២. សភាពផ្ទះកាន់តែចាស់ទ្រុឌទ្រោម
ផ្ទះរបស់អ្នកមានកន្លែងត្រូវកែកុនច្រើន ស្ទាយហួសសម័យ ឬខ្វះគ្រឿងបរិក្ខាក៏ជាចំណុចសំខាន់ដែលបង្វែរចិត្តអ្នកទិញទាំងដែរមិនទាន់សួរតម្លៃ ។
យោងតាមលោក Adabashi បានឱ្យដឹងទៀតថា ម្ចាស់ផ្ទះគួរតែជួសជុលកន្លែងខូចខាត ក៏ដូចជាកែកុនរូបរាងតាមសម័យកាល ឬបន្ថែមក្បួរក្បាច់រចនាដើម្បីទាក់ទាញចិត្តអ្នកទិញ ។ ការបន្ថែមពណ៌ឱ្យភ្លឺរលើបរលោងស្រស់ស្អាត និងការរៀបចំបន្ទប់ទទួលភ្ញៀវឡើងវិញក៏ជាដំណោះស្រាយរហ័ស និងមានប្រសិទ្ធភាពមួយចំនួនក្នុងការលក់ផ្ទះសម្បែងឱ្យឆាប់ដាច់ផងដែរ ។
៣. ទីតាំងមិនសមប្រកប
ទីតាំងក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការកំណត់តម្លៃនៃការលក់ផ្ទះសម្បែងរបស់អ្នក ។ ច្បាស់ណាស់ ប្រសិនបើផ្ទះរបស់អ្នកនៅតំបន់ដាច់ស្រយាល និងមិនមានចរាចរណ៍ធ្វើដំណើរ ឬខ្វះគ្រឿងបរិក្ខារទៀតនោះ គឺពិបាកលក់ចេញជារបស់ទ្រព្យដែលមានទីតាំងល្អហើយ ។
ទោះបីជាផ្ទះរបស់អ្នកមានភាពទាក់ទាញខ្លាំងកម្រិតណាក៏ដោយ ប៉ុន្តែបើនៅឆ្ងាយពីផ្លូវធ្វើដំណើរដ៏ងាយស្រួល ឆ្ងាយពីសាលារៀន មន្ទីរពេទ្យ ឬផ្សារទំនិញ អាចជាគុណវិបត្តិសម្រាប់ការលក់ផ្ទះរបស់អ្នកកផងដែរ ។
៤. កុំឱ្យរឿងផ្ទាល់ខ្លួនចូលលូកលាន់ដល់ការលក់
កុំយកអារម្មណ៍ ឬការចងចាំពីអតីតកាលលូកលាន់ចូលក្នុងកិច្ចការលក់ផ្ទះរបស់អ្នក ។ ដូច្នេះដើម្បីពន្លឿនដំណើរការនេះ សូមយករបស់របរផ្ទាល់ខ្លួនដូចជាវត្ថុអនុស្សាវរីយ៍ ឬរូបថតគ្រួសារចេញពីផ្ទះ ហើយរៀបចំបង្កើតឱ្យមានបរិវេណទូលំទូលាយដើម្បីទាក់ចិត្តអ្នកទិញ ។
សូមចងចាំថាគោលដៅរបស់អ្នកគឺលក់ផ្ទះ ដូច្នេះត្រូវត្រៀមខ្លួនដើម្បីសម្រួលអារម្មណ៍ និងប្រើពាក្យសម្ដីលួងលោមអតិថិជនឱ្យពេញចិត្តក្នុងការចង់បានផ្ទះរបស់យើង ។
៥. ការដាក់លក់មិនត្រូវពេលវេលា
ការលក់ផ្ទះក៏ត្រូវពិនិត្យមើលទីផ្សារអចលនទ្រព្យផងដែរ ។ ការជ្រើសរើសពេលវេលាត្រឹមត្រូវក្នុងការលក់គឺជារឿងចាំបាច់ដើម្បីបង្កើនតម្លៃលក់ឱ្យកាន់តែមានប្រសិទ្ធភាព ។
ពេលវេលាល្អក្នុងការលក់ផ្ទះគឺប្រែប្រួលតាមប្រភេទអចលនទ្រព្យ ។ ផ្ទះ និងអាផាតមិន ច្រើនតែលក់ដាច់បំផុតនៅចុងឆ្នាំ ឬមុនរដូវចូលរៀន ជាពិសេសនៅរដូវក្តៅគឺអំណោយផលសម្រាប់ការលក់ដី និងវីឡាតែម្ដង ៕
បកប្រែ ៖ ទីន