NBC ប្រាប់ឲ្យតាមដានពីហានិភ័យក្នុងវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ

ធនាគារជាតិនៃកម្ពុជា (NBC) បានណែនាំឲ្យបន្តប្រុងប្រយ័ត្ន ចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការក្នុងឆ្នាំ ២០២៣ ហើយត្រូវបន្តតាមដានដោយហ្មត់ចត់ ពីហានិភ័យក្នុងវិស័យនេះ។

យោងតាមរបាយការណ៍ស្ដីពី ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២៣ ដែលផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ ខែឧសភានេះ បានលើកឡើងពីទន់ខ្សោយនៃវិស័យអចលនទ្រព្យ ហើយក៏បានលើកឡើងពីការថមថយលំហូរវិនិយោគផ្ទាល់ពីបរទេស មកកាន់វិស័យនេះ ផងដែរ។

របាយការណ៍ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា «យ៉ាងណាមិញយើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាន ក្នុងឆមាសទី ២ ឆ្នាំ ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ»។

បើតាម NBC ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និងកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានជាយថាហេតុ មកលើស្ថិរភាពហិរញ្ញវត្ថុអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួមតាមដាន និងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម