សម្តេច ហ៊ុន ម៉ាណែត អះអាងថា បញ្ហាអចលនទ្រព្យផ្តើមចេញពីបញ្ហាពីរ

សម្តេច ហ៊ុន ម៉ាណែត អះអាងថា បញ្ហាអចលនទ្រព្យផ្តើមចេញពីបញ្ហាពីរ

ស្របពេលបញ្ហារ៊ាំរ៉ៃក្នុងវិស័យអចលនទ្រព្យកម្ពុជាបន្តអូសបន្លាយពេលវេលា ហើយក្រុមហ៊ុនដែលមានចេតនាក្នុងករឆបោកអតិថិជនក៏ត្រូវបានចាត់វិធានការបណ្តើរៗហើយ។ ការណ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាអចលនទ្រព្យផ្តើមចេញពីបញ្ហាការវាយតម្លៃខុសរវាងអតិថិជន និងការវិនិយោគ។

សម្តេច ហ៊ុន ម៉ាណែត ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅប្រទេសកូរ៉េជាង២ពាន់នាក់ នារសៀលថ្ងៃសៅរ ទី១៨ ខែឧសភានេះ បានថ្លែងថា រាជរដ្ឋាភិបាលមិនទុកចោលបញ្ហារបស់ប្រជាពលរដ្ឋ ដោយមិនរកវិធានការដោះស្រាយឱ្យអស់លទ្ធភាពនោះឡើយ។

តាមដានជាមួយយើង៖ Million Times

សម្តេចគូសបញ្ជាក់ថា បញ្ហាអចលនទ្រព្យផ្តើមចេញពីបញ្ហាពីរ គឺការវាយតម្លៃខុសរវាងអតិថិជន និងការវាយតម្លៃខុសនៃការវិនិយោគ។ សម្តេចថ្លែងថា រឿងឆបោករបស់ ឡេង ចាន់ណា សម្តេចបានចាត់វិធានការតាំងពីរខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មាន។

បើតាមសម្តេចបន្ទាប់ពីការសិក្សាស្រាវជ្រាវ ក្រោយផ្ទុះការប្រតិកម្ម ទើបដឹងច្បាស់ថា គម្រោងវិនិយោគរបស់ ឡេង ចាន់ណា ជាគម្រោងបោកប្រាស់។ ហេតុនេះហើយទើបសម្តេចបញ្ជាឱ្យចាប់ខ្លួននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

សម្តេចបញ្ជាក់បន្ថែមថា សំណុំរឿងឆបោករបស់ ឡេង ចាន់ណា រាជរដ្ឋាភិបាលមិនបញ្ចប់ទេ ហើយបន្តចាត់វិធានការជាប់រហូត និងនៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា។

ទន្ទឹមនឹងនេះដែរ សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម