ឧកញ៉ាបណ្ឌិត សំ សុខនឿន៖ ទិញផ្ទះ ឬទិញដី ជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ តែបើចង់បានផលចំណេញខ្ពស់ ដីគឺជាជម្រើសដ៏ល្អបំផុត

ឧកញ៉ាបណ្ឌិត សំ សុខនឿន៖ ទិញផ្ទះ ឬទិញដី ជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ តែបើចង់បានផលចំណេញខ្ពស់ ដីគឺជាជម្រើសដ៏ល្អបំផុត

ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល SAM SN Group និងជាអ្នកជំនាញអចលនវត្ថុនៅកម្ពុជា បានឆ្លើយតបសំណួរបស់ប្រជាពលរដ្ឋជាច្រើន ដែលបានសាកសួរលោកតាមរយៈបណ្ដាញសង្គមថា «តើគួរទិញផ្ទះ ឬទិញដី?» ជាអចលនទ្រព្យទី ១ តើទិញផ្ទះខុស ឬទិញដីខុស ឬទិញផ្ទះត្រូវ ឬក៏ទិញដីត្រូវ?

តាមរយៈវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនជាង ៧នាទី នៅថ្ងៃទី ៩ ខែឧសភានេះ ឧកញ៉ាបណ្ឌិត សំ សុខនឿន បានលើកឡើងថា ការទិញផ្ទះ ឬទិញដី គឺអាស្រ័យលើស្ថានរបស់ប្រជាពលរដ្ឋម្នាក់ៗ ទោះបីជាពួកគាត់មានថវិកាចំនួន​ ១៥ម៉ឺនដុល្លារដូចគ្នាក្ដី តែស្ថានភាពប្រាក់ចំណូច និងស្ថានភាពរស់នៅរបស់ពួកគាត់ គឺខុសៗគ្នា។

យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ កត់សម្គាល់ថា ការដែលប្រជាពលរដ្ឋណាម្នាក់ សម្រេចចិត្តទិញផ្ទះជាអចលនទ្រព្យទី ១របស់ខ្លួន ដោយសារពួកគាត់ពិតជាត្រូវការលំនៅដ្ឋានសម្រាប់ក្រុមគ្រួសាររស់នៅ ប៉ុន្តែលោកថា តែការទិញលំនៅដ្ឋាន មិនសូវមានផលចំណេញខ្ពស់នោះទេ។ ដូច្នេះប្រសិនបើសម្រេចចិត្តទិញផ្ទះ គឺត្រូវដឹងថា ទិញដើម្បីជាតម្រូវការរស់នៅ មិនមែនជាតម្រូវការនៃការវិនិយោគ ដើម្បីបានផលចំណេញខ្ពស់នោះទេ។

តាមដានជាមួយយើង៖ Million Times

ឧកញ៉ាបណ្ឌិត សំ សុខនឿន កត់សម្គាល់បន្តថា មានប្រជាពលរដ្ឋមួយចំនួនទៀត បានសម្រេចចិត្តទិញដីជាអចលនទ្រព្យទី ១របស់ខ្លួន ពីព្រោះពួកគាត់យល់ឃើញថា បើពួកគាត់មានកញ្ចប់ថវិកាចំនួន ១៥ម៉ឺនដុល្លារ យកទៅទិញផ្ទះ គឺមិនទទួលបានផលចំណេញច្រើនទេ ពោលគឺតិចជាងការវិនិយោគលើដីធ្លី។

លោកថា «ដូចដែលបងប្អូនបានដឹងហើយថា ប្រសិនបើបងប្អូនវិនិយោគអចលនទ្រព្យ ជាពិសេសគឺដីធ្លី ប្រសិនបើបងប្អូនវិនិយោគលើដីធ្លី ដោយមានជំនាញលើការវិនិយោគ ឬមានព័ត៌មានច្បាស់លាស់ ក្នុងការវិនិយោគ​ ឬក៏បងប្អូនទទួលបានព័ត៌មានល្អក្នុងការវិនិយោគ អញ្ចឹងដីគឺជាប្រភពដ៏ល្អបំផុត សម្រាប់បងប្អូនក្នុងការវិនិយោគទុក ដើម្បីបានផលចំណេញខ្ពស់»។

ឧកញ៉ាបណ្ឌិតរូបនេះ លើកឧទាហរណ៍ថា ប្រសិនបើប្រជាពលរដ្ឋរូបណាម្នាក់ យកលុយ ១៥ម៉ឺនដុល្លារ ទៅទិញដីនៅជាយក្រុងចម្ងាយពី ២៥ ទៅ ៣០គីឡូពីរាជធានីភ្នំពេញ ដែលជាប្រភេទដីស្រែចម្ការ រយៈពេល ៥ ទៅ ១០ឆ្នាំ នឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។

លោកសង្កត់ធ្ងន់ថា «ជាបទពិសោធន៍របស់ខ្ញុំជិត ២០ឆ្នាំមកនេះ ខ្ញុំសង្កេតមើលឃើញថា អចលនទ្រព្យ ជាពិសេសដី នៅពេលដែលបងប្អូនទិញដីត្រឹមតែ​តម្លៃ ១៥ម៉ឺន ៧ឆ្នាំ បងប្អូនអាចលក់បាន ១លានដុល្លារ ក៏មានដែរ នេះជាការពិត ឬក៏អាចលើសហ្នឹងក៏មាន ឬក៏អាចត្រឹម ៥០ម៉ឺន ឬ ៧០ម៉ឺន ទៅតាមទីកន្លែង ឬក៏ទៅតាមការវិនិយោគរបស់បងប្អូន»។

ឧកញ៉ាបណ្ឌិត សំ សុខនឿន បញ្ជាក់ថា ការជ្រើសរើសទិញផ្ទះ ឬទិញដី ជាអចលនទ្រព្យទី ១ គឺជាការសម្រេចរបស់បុគ្គលម្នាក់ៗ ទៅតាមស្ថានភាពរបស់បុគ្គលរៀងៗខ្លួន ហើយមិនមានមតិយោបល់ណាមួយ ដែលត្រឹមត្រូវ ១០០ភាគរយ ថា ទិញផ្ទះ ឬទិញដី ត្រូវនោះទេ។ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋ ចង់បានផលចំណេញខ្ពស់ពីការវិនិយោគអចលនទ្រព្យ «ដីគឺជាជម្រើសដ៏ល្អបំផុត សម្រាប់បងប្អូន»៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម