តើលក្ខខណ្ឌអ្វីខ្លះ ក្រសួងអាចដកហូត ឬព្យួរអាជ្ញាបណ្ណក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន?

តើលក្ខខណ្ឌអ្វីខ្លះ ក្រសួងអាចដកហូត ឬព្យួរអាជ្ញាបណ្ណក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន?

មុនឆ្នាំ២០២០ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបានរីកលូតលាស់ដូចផ្សិតនៅកម្ពុជា ប៉ុន្តែក្រោយវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានមិនតិចនោះទេដែលបិទ ឬបន្តប្រកាសក្ស័យធន ទន្ទឹមនឹងនោះក៏មានក្រុមហ៊ុនមួយចំមួយចំនួនកំពុងមានបញ្ហារ៉ាំរៃជាមួយអតិថិជន រហូតមានក្រុមហ៊ុនខ្លះបានរត់ចោលគម្រោង ឬគ្មានគម្រោងឲ្យអតិថិជន។

ជុំវិញបញ្ហាចោទទាំងឡាយក្នុងវិស័យសំណង់អចលនទ្រព្យនៅកម្ពុជា តើមានលក្ខខណ្ឌអ្វីខ្លះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចដកហូត ឬព្យួរអាជ្ញាបណ្ណក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន?

ការងារពាក់ព័ន្ធនឹងការគ្រប់គ្រងនិងត្រួតពិនិត្យអាជីវកម្មលំនៅឋាន គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអ្នកទទួលភារកិច្ចអនុវត្ត។ រាល់អាជីវកម្មលំនៅឋានដែលមានទំហំចាប់ពី ៤ល្វែង ឬ៣ភូមិគ្រឹះ ឬ៤យូនីតនៃលំនៅឋានឡើងទៅត្រូវមានអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋានជាមុនដែលចេញដោយក្រសួង។

យោងតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ពុំត្រូវបានចាប់ផ្តើមអនុវត្តក្នុងរយៈពេល ០៣ខែគិតចាប់ពីកាលបរិច្ឆេទនៃការចេញអាជ្ញាបណ្ណ ក្រសួងអាចដកហូត ឬព្យួរអាជ្ញាបណ្ណក្រុមហ៊ុនោះ។ គម្រោងអភិវឌ្ឍលំនៅឋាន ពុំត្រូវបានបញ្ចប់តាមកាលបរិច្ឆេទកំណត់ ឬបន្ទាប់ពីមានការពន្យារពេលដែលត្រូវអនុញ្ញាតជាមុនពីក្រសួង។

ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ពុំបានអនុវត្តត្រឹមត្រូវតាមខ្លឹមសារនៃប្រកាស ព្រមទាំងលិខិតបទដ្ឋានផ្សេងៗទៀតដែលចេញដោយក្រសួងទៅតាមដំណាក់កាលនីមួយៗ។ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាននៅតែប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងប្រកាសនេះ ក្រោយពីទទួលបានការណែនាំ និងការផាកពិន័យរបស់ក្រសួង។ ក្រុមហ៊ុនខកខានមិនបានបង់ពន្ធប៉ាតង់អាជីវកម្មលំនៅឋាន និងមិនបានបំពេញកាតព្វកិច្ចពន្ធដារត្រឹមត្រូវតាមច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ក្រុមហ៊ុនអសាធនភាព ឬក្ស័យធន ឬប្រព្រឹត្តល្មើសក្នុងការធ្វើអាជីវកម្មដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

ជាមួយគ្នានេះដែរ សម្រាប់លទ្ធផលសវកម្មបង្ហាញឲ្យឃើញថា មានភាពខុសគ្នាពាក់ព័ន្ធនឹងរបាយការណ៍ប្រចាំខែ និងប្រចាំឆមាស, របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ, និងរបាយការណ៍ដកសាច់ប្រាក់ពីគណនីអភិវឌ្ឍលំនៅឋាន ក៏បានត្រូវបានដកហូត ឬព្យួរអាជ្ញាបណ្ណ។ បន្ថែមទៀតនោះ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬប្រព្រឹត្តបទល្មើសហិរញ្ញវត្ថុ ឬអំពើមិនស្របច្បាប់ណាមួយដែលមានភស្តុតាងច្បាស់លាស់អំពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទ៖ សេដ្ឋានី