វិស័យសំណង់នៅកម្ពុជាទទួលបានកំណើនទាប ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ

វិស័យសំណង់នៅកម្ពុជាទទួលបានកំណើនទាប ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ

ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជាទទួលបានកំណើនទាប ដែលជាចម្បងត្រូវបានជំរុញដោយការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈដែលការវិនិយោគបរទេសនៅក្នុងវិស័យអចលនទ្រព្យបានថយចុះ។

ក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ នាពេលកន្លងទៅ ធនាគារជាតិនៃកម្ពុជាលើកឡើងថា វិស័យសំណង់ និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមកត្រូវបានព្យារកថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុកដែលផ្តោតលើលំនៅដ្ឋានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណីតដែលបម្រើដល់អនិវាសនជនត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។

ធនាគារជាតិនៃកម្ពុជាសង្កត់ធ្ងន់ថា៖ «ការកើនឡើងនៃឥណទានមិនដំណើរការ អាចបន្ថយកំណើនឥណទានសម្រាប់ការប្រើប្រាស់ និងការវិនិយោគ និងកំណើននៃវិស័យសំណង់ និងអចលនទ្រព្យអាចបន្តមានកម្រិតទាប និងអាចមានឥទ្ធិពលបន្តលើវិស័យផ្សេងទៀត ដូចជាវិស័យធនាគារ ជាដើម»។ 

តាមដានជាមួយយើង៖ Million Times

សម្រាប់អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា វិស័យចលនទ្រព្យនៅកម្ពុជាឆ្នាំ២០២៤នេះ មានភាពវិជ្ជមានជាងឆ្នាំ២០២៣។ ក្នុងវេទិកាពិភាក្សា ស្ដីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤» កាលពីដើមខែមីនាកន្លងទៅ លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍ថា៖ «ឆ្នាំ២០២៤នេះ ក៏នៅតែលំបាក ប៉ុន្ដែខ្ញុំឃើញសញ្ញាធៀបជាមួយនឹងឆ្នាំ២០២៣ មានភាពវិជ្ជមានជាងមុន ប៉ុន្ដែដល់ពេលដែលយើងកំពុងតែលំបាកអីចឹង គឺយើងអាចមើលឃើញថា វាមិនឃើញកំណើនខុសគ្នាទេ»

លោកបានបង្ហាញក្ដីរំពឹងថា វិស័យចលនទ្រព្យនៅកម្ពុជា នឹងត្រឡប់ទៅរកស្ថានភាពល្អឡើងវិញ នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧។

ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យកំពុងជួបបញ្ហាដែលកើតឡើងក្រោយមានវិបត្តិផ្ទួនៗគ្នានេះ អ្នកឧកញ៉ា លី ហួរ បានលើកឡើងថា បញ្ហាវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល កត្តារីករាលដាលជំងឺឆ្លងកូវីដ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗមានសង្គ្រាមរវាងក្រុមហាម៉ាស-ប៉ាឡេស្ទីន ព្រមទាំងមានការបែងចែកប្លុកសេដ្ឋកិច្ចតំបន់ផងនោះធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ពេលថ្មីៗនេះ បានថ្លែងគូសបញ្ជាក់ថា កត្តាទាំងនេះបានជះឥទ្ធិផលដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ ធ្វើឲ្យវិស័យនេះទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា «បច្ចុប្បន្នគម្រោងបុរី ខុនដូ ការលក់មានការធ្លាក់ចុះជាគំហុក ឬលក់ពុំចេញតែម្ដង អតិថិជនពន្យាពេលបង់ប្រាក់ រហូតដល់អតិថិជនមួយចំនួនមិនមានលទ្ធភាព មិនបានបង់ប្រាក់ត្រឡប់មកក្រុមហ៊ុនវិញ ព្រមទាំងទាមទារឲ្យក្រុមហ៊ុនទិញផ្ទះត្រឡប់មកវិញ ធនាគារពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និងរឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន ផ្អាកផ្តល់ឥណទានលើការវិនិយោគលើវិស័យសំណង់ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការអនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនតែម្ដង»។

គួររំលឹកបន្តិចថា បើតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញដែលចេញផ្សាយពេលកន្លងទៅបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន ៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧អគារ និងនៅក្នុងឆ្នាំ ២០២៣ បានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦គម្រោង លើផ្ទៃក្រឡាសំ ណង់សរុបជាង ២៦ម៉ឺនម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២លានដុល្លាអាមេរិកបន្ថែមទៀត៕

អត្ថបទ៖ សេដ្ឋានី