ប្រមុខរាជរដ្ឋាភិបាល ធានាថា កិច្ចសហប្រតិបត្តិការ CLV-DTA មិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីឡើយ

ប្រមុខរាជរដ្ឋាភិបាល ធានាថា កិច្ចសហប្រតិបត្តិការ CLV-DTA មិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីឡើយ

ពីវេទិកាសំណេះ​សំណាលជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋាន​​កម្ពុជា នៅថ្ងៃទី ២ ខែកក្កដានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV-DTA មិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិរបស់កម្ពុជា ឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបកស្រាយ និងសូមធានាជូនប្រជាពលរដ្ឋថា កម្មវិធី ឬមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​តំបន់ត្រីកោណនេះ គឺនឹងមិនធ្វើឲ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិរបស់យើងនោះទេ នេះគឺជាការធានា»។

ត្រង់ចំណុចនេះ គឺសម្ដេចនាយករដ្ឋមន្ត្រី ប្រកាសយកអនាគតរបស់សម្ដេច និងកូនចៅរបស់សម្ដេចមកធានា។ ប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងដែរថា សម្ដេច បានទៅសិក្សានៅបរទេសអស់ជាច្រើនឆ្នាំ តែសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានហាមដាច់ខាតមិនឲ្យសម្ដេចយកសញ្ជាតិបរទេសឡើយ ដោយត្រូវត្រឡប់មកស្រុកខ្មែរវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា សម្ដេច និងក្រុមគ្រួសារ គ្មានផែនការវេចបង្វិចនាំកូនចៅទៅរស់នៅក្រៅប្រទេសឡើយ។ ត្រង់ចំណុចនេះ សម្ដេចបញ្ជាក់បែបនេះថា «ចឹងកូនខ្ញុំ ចៅខ្ញុំ នឹងបន្តរស់នៅក្នុងទឹកដីកម្ពុជា ដែលកាន់តែសំបូរសប្បាយតទៅទៀត នេះគឺជាការធានារបស់ខ្ញុំ»៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចធិបតី