សម្ដេច ហ៊ុន សែន ស្នើលោក មីន អោងឡាំង រៀបចំឱ្យមានជំនួបរវាងសម្តេចនិងលោកស្រី អោង សានស៊ូជី

សម្ដេច ហ៊ុន សែន ស្នើលោក មីន អោងឡាំង រៀបចំឱ្យមានជំនួបរវាងសម្តេចនិងលោកស្រី អោង សានស៊ូជី

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើលោក មីន អោងឡាំង (Min Aung Hlaing )  ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា រៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចនិងលោកស្រី អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ។ 

តាមរយៈជំនួបសន្ទនាតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃអង្គារខែឧសភានេះដើម្បីសាកសួរសុខទុក្ខគ្នា និងទទួលបានការចែករំលែកអំពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានវាយតម្លៃខ្ពស់នៃការចូលរួមរបស់សម្តេចដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន។ 

សម្តេចប្រធានព្រឹទ្ធសភា ក៏បានស្នើជាថ្មីម្តងទៀតឱ្យលោក មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចនិងលោកស្រី អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេចនិងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន។ 

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានោះ សម្តេចក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។

សម្តេចក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។

ជាការឆ្លើយតប លោក មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៍ និងមានតម្លាភាព៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គមសម្តេចតេជោ