លោក អេង ចំរើន ហៅការផ្សាយរបស់វិទ្យុ RFA ថា ការផ្តល់តួនាទីជាទីប្រឹក្សាសម្តេច ហ៊ុន សែន ច្រើនស្កេកស្កះខ្ជះខ្ជាយថវិកាជាតិ គឺជាអំពើស្មោកគ្រោក

លោក អេង ចំរើន ហៅការផ្សាយរបស់វិទ្យុ RFA ថា ការផ្តល់តួនាទីជាទីប្រឹក្សាសម្តេច ហ៊ុន សែន ច្រើនស្កេកស្កះខ្ជះខ្ជាយថវិកាជាតិ គឺជាអំពើស្មោកគ្រោក

ប្រតិកម្មទៅនឹងការចុះផ្សាយរបស់វិទ្យុអាសុីសេរីដែលថា ការផ្តល់តួនាទីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ច្រើនស្កេកស្កះខ្ជះខ្ជាយថវិកាជាតិ អ្នកជំនួញនិងមានតួនាទីជាទីប្រឹក្សាសម្តេចតេជោផងនោះ លោក អេង ចំរើន បាននិយាយថា ការផ្សាយរិះគន់ប្រឆាំងក្នុងន័យរារាំងដំណើរអភិវឌ្ឍឆ្ពោះទៅមុខរបស់កម្ពុជាដោយចេតនាលាបពណ៌បំភ្លៃឲ្យមានការយល់ច្រឡំពីភាពស្អាតស្អំរបស់សម្តេចតេជោ និងប្រទេសកម្ពុជាលើឆាកអន្តរជាតិគឺជាអំពើស្មោកគ្រោកបំផុតរបស់ក្រុមប្រឆាំង។

លោក អេង ចំរើន ដែលមានគោមរងារឧកញ៉ា និងជាប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការផ្ដល់តួនាទីជាទីប្រឹក្សាសម្តេចតេជោ គឺជាការប្រទានពីព្រះមហាក្សត្រសម្រាប់ផ្ដល់កិត្តិយសដល់បុគ្គលដែលមានស្នាដៃក្នុងការបម្រើជាតិ និងបុគ្គលដែលនាំផលប្រយោជន៍មកជាតិ តាមរយៈការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ ហើយបុគ្គលទាំងនោះក៏នឹងត្រូវបន្តចូលរួមជួយកិច្ចការងាររបស់ជាតិដើម្បីចូលរួមដឹកនាំផ្លូវដល់យុវជនជំនាន់ក្រោយផងដែរ (ចាស់ស្គាល់ផ្លូវ ក្មេងដើរលឿន) ។ 

មិនតែប៉ុណ្ណោះ លោកថា ទីប្រឹក្សាភាគច្រើនក្រៅពីពុំទទួលយកប្រាក់បំណាច់មុខងារ ពួកគាត់ថែមទាំងបានលះបង់ពេលវេលា និងធនធានផ្ទាល់ជួយបណ្ដុះបណ្ដាលដឹកនាំយុវជនជាថ្នាក់ដឹកនាំបន្តវេនដើម្បីជាការរួមចំណែកក្នុងការបម្រើជាតិរបស់ខ្លួន ។ ជាមួយគ្នានេះផងដែរ ការតែងតាំងវិនិយោគគិនធំៗ ជាទីប្រឹក្សាដែរនោះ គឺជាការលើកទឹកចិត្តដែលពួកគេខិតខំប្រឹងប្រែងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនសែននាក់មានការងារធ្វើ ជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើន របស់ពួកគាត់ ហើយថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារមនុស្សធម៌រាប់មិនអស់។ 

តាមដានជាមួយយើង៖ Million Times

លោកនិយាយ៖ «សរុបមក ការតែងតាំងនេះក្រៅពីមិនមានផលអវិជ្ជមាន គឺថែមទាំងបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងពលរដ្ឋ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពសេដ្ឋកិច្ច នយោបាយ ស្របតាមភាពចាំបាច់នាពេលបច្ចុប្បន្ន និងស្របតាមទឹកព្រះទ័យមេត្តាករុណាដ៏ជ្រាលជ្រៅថ្លៃថ្លារបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផង »។

លោក អេង ចំរើន បានសង្កត់ធ្ងន់ថា ការផ្សាយរិះគន់ប្រឆាំងក្នុងន័យរារាំងដំណើរអភិវឌ្ឍឆ្ពោះទៅមុខរបស់កម្ពុជាដោយចេតនាលាបពណ៌បំភ្លៃឲ្យមានការយល់ច្រឡំពីភាពស្អាតស្អំរបស់សម្តេចតេជោ និងប្រទេសកម្ពុជាលើឆាកអន្តរជាតិ គឺជាអំពើដ៏ស្មោកគ្រោករបស់ក្រុមអ្នកនយោបាយចាស់វស្សាហួសសម័យកាលតែប៉ុណ្ណោះ៕

អត្ថបទះ សាង តេជៈ រូបភាព៖ បណ្តាញសង្គមលោក អេង ចំរើន