ភាគីទាំងពីរប្តេជ្ញាចិត្តទៅវិញមកប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការផ្ទៃរបស់កម្ពុជា-ចិន

ភាគីទាំងពីរប្តេជ្ញាចិត្តទៅវិញមកប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការផ្ទៃរបស់កម្ពុជា-ចិន

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី មកកាន់កម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ភាគីទាំងពីរបានឯកភាពថា កម្ពុជា និងចិន គឺជាមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។

សេចក្តីប្រកាសព័ត៌មានរួមលទ្ធផលដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននៅកម្ពុជា ក្រោយលោក វ៉ាងយី ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនារសៀលថ្ងៃអង្គារនេះ បានរំលេចឲ្យឃើញថា ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំចិន និងកម្ពុជា ភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ ព្រមទាំងរួមគ្នាជំរុញពហុភាគីនិយម និងសកលភារូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍រួមប្រកបដោយសេរី, បើកចំហ, សមភាព និងបរិយាប័ន្ន។

ភាគីចិនបានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ, គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិ, សន្តិសុខ, និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ភាគីកម្ពុជាក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា ចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ចិន។

លើសពីនេះ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន, ប្រឆាំងគ្រប់ទម្រង់នៃឯកភាពជាតិរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ៕

អត្ថបទ៖ សាង តេជៈ