ការប្រកួតក្នុងកម្មវិធី Nextgen Olympiad នៅប្រទេសអូស្ត្រាលី កាលពីពេលកន្លងទៅសិស្សឆ្នើមដែលទៅពីកម្ពុជា ដណ្ដើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងចំណោមសិស្សជាង ២០០ នាក់មកពី ១៨ ប្រទេស។


កម្មវិធីនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd ដែលជាក្រុមហ៊ុនរៀបចំការប្រកួតប្រជែងរបស់សិស្ស ហើយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីប្រកួតប្រជែង បែបនេះជាបន្តបន្ទាប់។
កម្មវិធី Nextgen Olympiad វគ្គ Global round ដែលប្រឡងផ្ដោតលើមុខវិជ្ជា គណិតវិទ្យា បានធ្វើឡើងនៅប្រទេសអូស្ត្រាលី ហើយចំពោះកូនសិស្សពីកម្ពុជា ដែលបានទៅចូលរួមមាន ១៣នាក់ ហើយក្នុងនោះទទួលបានមេដាយមាស ៦ នាក់, ប្រាក់ ៤ នាក់ និងមេដាយសំរឹទ្ធ ៣នាក់។

កម្មវិធី Nextgen Olympiad មានកូនសិស្សមកពី ១៨ ប្រទេសចូលរួម និងមានកូនសិស្សជាង ២០០ នាក់ចូលរួមប្រកួត ហើយរយៈលទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់ថា សមត្ថភាពកូនខ្មែរខ្លាំងមិនធម្មតាឡើយ។
សិស្សឆ្នើមកម្ពុជា ដែលបានទៅចូលរួមកម្មវិធីប្រកួតនេះបានឲ្យដឹងថា មុនពេលទៅចូលរួមប្រកួត រូបគេបានចំណាយពេលជាច្រើន ធ្វើការសិក្សាស្រាវជ្រាវពីរូបមន្ត និងមេរៀនគណិតវិជ្ជាផ្សេងៗ ក៏ដូចជាធ្វើការដោះស្រាយលំហាត់ជាច្រើនដង ដើម្បីចាំច្បាស់ និងត្រៀមខ្លួនឱ្យបានរួចរាល់ មុនទៅចូលរួមប្រកួតផងដែរ៕


អត្ថបទ៖ មេរ៉ា, រូបភាព៖ cpp.org.kh